ប្រភព៖ CEN
ភ្នំពេញ: នៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញជាពិសេសតាមផ្លូវផ្សារយើងនឹងបានឃើញរទេះលក់កាហ្វេចល័តបែបទំនើបជាច្រើបានសំចតចាំភ្ញៀវដែលចូលចិត្តពិសារកាហ្វេចូលមកទិញនៅម៉ោងប្រហែល៧ព្រឹក។ រទេះកាហ្វេបែបទំនើបជាច្រើនគ្រឿងបានបន្តកន្ទុយគ្នាព្រោងព្រាតចេញដំណើរឆ្ពោះទៅកាន់កន្លែងគោលដៅផ្សេងៗ ។
នៅរាជធានីភ្នំពេញដែលពីពេលមុនមិនដែលមានរទេះលក់កាហ្វេបែបនេះទេ គឺមានតែមនុស្ស ដើររុញរទេះ លក់ប៉ុណ្ណោះ។
 តែឥឡូវគឺមានម៉ូតូសណ្តោងរទេះកាហ្វេចល័តនិងបំពាក់ដោយសំភារៈទំនើបបំរើឲ្យអាជីវកម្មនេះផង។ នៅលើជញ្ជាំងនៃរទេះសរសេរពាក្យថា (Mobile Coffee) ។ទិដ្ឋភាពនេះ កើតចេញពីការច្នៃប្រឌិតថ្មីរបស់យុវជនខ្មែរមួយរូប ហើយកំពុងតែប្រតិបត្តិការលក់កាហ្វេរបស់ខ្លួនយ៉ាងមមាញឹក ។ ទោះបីជាមានអាជីវកម្មលក់កាហ្វេនៅស្រុកខ្មែរកំពុងតែមានការប្រកួតប្រជែងលក់យ៉ាងព្រោងព្រាត ក្នុងចំណោមហាងកាហ្វេជាច្រើន ដែលមានការរៀបចំទាំងការតុបតែង ទីតាំង តម្លៃ និងរសជាតិប្លែកៗ ទៅតាមលក្ខណៈផ្សេងៗឲ្យមានការទាក់ទាញ។ 
នៅពេលដែលក្រុមងារការគេហទំព័រ CEN បានជួបសំភាសន៍ជាមួយលោក យ៉ែម ឈីម ដែលជាអ្នកគ្រប់គ្រង បានប្រាប់ថា លោកពីពេលមុនគាត់គឺជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទចល័តមួយ ក្រោយពីធ្វើការនេះមួយរយៈដោយលោកគិតថា ការងារនេះ វាមិនបានធ្វើឲ្យយើង រីកចំរើនទៅមុខ។ ដោយសារតែលោក ចង់យកគ្រួសាររបស់គាត់ពីខេត្តមករស់នៅភ្នំពេញ លោកក៏ចាប់ផ្តើមមានគំនិតនឹកឃើញគន្លឹះនៃការបើកអាជីវកម្មមួយនេះឡើង គឺ Mobile Coffee (Founder & Head of Business Development)  ហើយទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់អ្នកចូលចិត្តញាំកាហ្វេ ទាំងភ្ញៀវជាតិ និងបរទេស លើសពីរការរំពឹងទុក ព្រោះថា កាហ្វេរបស់លោកមានរសជាតិឆ្ងាញ់ប្លែក និងមានរបៀប រៀបរយតាមបែបស្តង់ដា ទាំងការវេចខ្ចប់ និងដឹកជញ្ជូន។ 
លោក យ៉ែម ឈីម បានបន្តទៀតថា “ពីដំបូងខ្ញុំក៏ធ្លាប់គិតថា នឹងបើកជាលក្ខណៈហាងផ្ទាល់ខ្លួន នៅទីតាំងមួយចំនួនដែរ ក៏ប៉ុន្តែបន្ទាប់ពីការធ្វើការសិក្សា និងវិភាគលំអិត អ្វីដែលយើងស្រមៃចង់ធ្វើនោះ មានគេធ្វើមុនស្ទើរគ្រប់កន្លែងទៅហើយ។ ដូចដឹងស្រាប់ហើយ ហាងកាហ្វេមួយចំនួននៅក្នុងក្រុងភ្នំពេញ ទាំងហាងកាហ្វេខ្មែរ និងបរទេស សុទ្ធតែមានទីតាំងឈរជើងនៅមួយកន្លែង ដូច្នេះយើងចាំបាច់ត្រូវរកវិធីសាស្ត្រថ្មី និងខុសពីគេ ដែលបង្កភាពងាយស្រួលដល់អតិថិជន និងក្រុមការងាររបស់យើង” លោកយ៉ែម ឈីមបន្តថា បើលោកបើកជាហាងលក់កាហ្វេមានទីតាំងមួយកន្លែងយើងត្រូវចំណាយដើមទុនច្រើនដើម្បីតុបតែងទីតាំងហាងរបស់យើងឲ្យមានការទាក់ទាញ។ប៉ុន្តែគំនិតរបស់លោកវិញគឺខុសពីហាងបន្តិចដោយត្រូវការចំណាយប្រាក់មួយផ្នែកធំទៅលើរសជាតិការហ្វេរបស់យើងមានរសជាតិឆ្ងាញ់  និងការវេចខ្ចប់ឲ្យបានស្អាតដើម្បីទាក់ទាញអតិថិជនរបស់យើង។
គំនិតអាជីវកម្មមួយនេះមិនត្រឹមតែវាយលុកទីផ្សារនៃការលក់កាហ្វេដោយជោគជ័យក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ តែបានរួមចំណែកក្នុងការផ្ដល់ការងារដល់យុវជនខ្មែរជាច្រើនអ្នកផងដែរ។ រហូតដល់ថ្ងៃនេះ Mobile Coffee មានបុគ្គលិកធ្វើការជាង២០នាក់ និងរទេះបែបទំនើប (រ៉ឺម៉កកង់បី) ចំនួន៩គ្រឿង ហើយធ្វើការចែកចាយលក់កាហ្វេតាំងពីម៉ោង ៦:៥០នាទីព្រឹក រហូតដល់ម៉ោង៤:៤០នាទីល្ងាច ស្ទើរគ្រប់ទីតាំងនៅរាជធានីភ្នំពេញ ហើយអតិថិជនភាគច្រើនជាអ្នកធ្វើការនៅតាមបណ្ដាក្រុមហ៊ុន អង្គការ និងតាមក្រសួងរដ្ឋផ្សេងៗ។
លោកយ៉ែម ឈីម បានបន្តទៀតថាក្រៅពីវិធីសាស្ត្រចល័ត លោកក៏មានទីតាំងឈរនៅមួយកន្លែងមួយចំនួនដូចជា សាខាទី១ នៅជាប់ច្រកចូលផ្សាទួលទំពូង សាខាទី២ នៅខាងមុខច្រកចូលវិមានកាណាឌីយ៉ា សាខាទី៣ នៅខាងមុខសាលាភូមិន្ទភ្នំពេញ  សាខាទី៤ នៅឈៀងច្រកចូលអគារភ្នំពេញ Tower និងទីតាំងមួយចំនួនទៀត។ ចំពោះតម្លៃវិញ កាហ្វេមួយកំប៉ុងខាងលោកលក់ក្នុងតម្លៃសមរម្យចាប់ពី ៣០០០ ទៅ ៣៥០០រៀលតែប៉ុណ្ណោះ ហើយក្រៅពីកាហ្វេក៏នៅមានភេសជ្ជៈសម័យថ្មីផ្សេងៗដូចជាតែទឹកដោះគោ ទឹកផ្លែឈើស្រស់ៗផងដែរ។ 
ក្នុងមួយថ្ងៃ Mobile Coffee អាចលក់បានចាប់ពី១០០ទៅ១២០លីត្រ ហើយកាហ្វេរបស់គាត់គឺបានយកគ្រាប់ពូជពីប្រទេសឡាវមកដាំនៅរតនៈគីរី សំរាប់កាហ្វេរបស់ Mobile Coffee គឺគាត់លីងមួយថ្ងៃលក់មួយថ្ងៃ ចំពោះអតិថិជនរបស់ Mobile Coffee គឺគាត់បាននិយាយថា ចំពោះតំលៃកាហ្វេមួយកែវ៣.០០០រៀលទៅ៣.៥០០រៀល គឺមិនថ្លៃទេ តែក៏មានអ្នកដែលមិនមែនជាម៉ូយដូចជាអ្នករត់ម៉ូតូឌុបជាដើម ដោយសារពួកគាត់ធ្លាប់ពិសារតែមួយកែវ១.៥០០តៀលប៉ុណ្ណោះ ប៉ុន្តែក្រោយពេលគាត់ពិសាររួចក៏បានសរសើរថាកាហ្វេនេះមានរសជាតឆ្ងាញ់។
ដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អាជីវកម្មមួយនេះនឹងធ្វើការពង្រីកការលក់របស់ខ្លួនទៅកាន់បណ្ដាខេត្តមួយចំនួនបន្ថែមទៀត រួមមានខេត្តសៀមរាប កំពង់ចាម និងបាត់ដំបងជាដើម ហើយនឹងបង្កើនចំនួនរទេះទំនើបសម្រាប់ចល័តរហូតដល់១០០គ្រឿងក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ម្ចាស់អាជីវកម្មកាហ្វេចល័តវ័យក្មេងដដែលរូបនេះ បាននិយាយថា រសជាតិកាហ្វេដែលលោកយកមកលក់នេះ ជាកាហ្វេដាំដុះនៅលើទឹកដីខ្មែរ ដោយជ្រើសរើសពូជកាហ្វេពីប្រទេសឡាវ មិនមែនយករសជាតិមកពីបរទេសមកលក់ទេ ហើយគ្រប់ការច្នៃប្រឌិតទាំងអស់ក៏ជាស្នាដៃផ្ទាល់របស់លោកដែរ សូម្បីតែការចម្រាញ់រសជាតិ ការរចនាម៉ូតរទេះ និងការតុបតែងផ្សេងៗជាដើម។
សហគ្រិនវ័យក្មេងរូបនេះបានលើកឡើងថា មូលហេតុដែលអាជីវកម្មរបស់លោកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនបែបនេះ ដោយសារតែផលិតផលរបស់លោក ធ្វើឡើងតាមការច្នៃប្រឌិត ដែលមានភាពប្លែកខុសពីគេ ទាំងរសជាតិ និងសេវាកម្ម ជាមួយគ្នានោះលោកក៏បានបន្ថែមដែរថា រាល់កុម្ម៉ុងទិញចាប់ពីបួនកែវឡើងទៅនឹងមានសេវាដឹកជញ្ជូនដល់ទីកន្លែង នឹងសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០៨៧ ៦៦ ៦៦ ០៩ និងមួយខ្សែទៀតលេខ០៩៥ ៦៦ ៦០ ០៨។
លោក យ៉ែម ឈីម តំណាងឲ្យក្រុមការងារ Mobile Coffee លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រគ្រប់អតិថិជនទាំងអស់ ការគាំទ្រទាំងនោះជាផ្នែកមួយដ៏សំខាន់នៃការជួយបង្កើតទីផ្សារការងារដល់យុវជនខ្មែរ និងលើកទឹកចិត្តចំពោះគំនិតច្នៃប្រឌិត ហើយលោកក៏មានគំរោងចំណាយថវិការបរិចាគប្រាក់ចំនួនរបស់ក្រុមហ៊ុន១ភាគរយទៅដល់ជនក្រីក្រ៕M/c
 
.jpg)
.jpg)
.jpg)
Blogger Comment
Facebook Comment