ភ្នំពេញ: បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ រួមទាំងប្រជាពលរដ្ឋមួយចំនួននៅរសៀលថ្ងៃទី២៨ ខែឧសភា នេះ បាននាំគ្នាហែរក្បួនពីព្រះអង្គដងកើ ដើម្បីដាក់ញត្តិជូនលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា សុំបញ្ឈប់ការរុះរើរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ និងបញ្ឈប់ការជួលដីឲ្យរដ្ឋ និងក្រុមហ៊ុនឯកជន។
ញ្ញត្តិនោះ ត្រូវបានមន្ត្រីក្រសួងធម្មការ និងសាសនា ទទួលយកដើម្បីបញ្ជូនទៅឲ្យថ្នាក់លើពិនិត្យមើល។
បន្ទាប់ពីការញ្ញត្តិរួចក្រុមព្រះសង្ឃ និងប្រជាពលរដ្ឋ បាននាំគ្នាហែរក្បួនពីមុខក្រសួងធម្មការ និងសាសនា ដើម្បីទៅពិនិត្យមើលទីតាំងរុះរើរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ ប៉ុន្តែត្រូវបានអាជ្ញាធរធ្វើការរារាំង ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរទៅទេ។
នៅក្នុងការហាមឃាត់នោះ បានធ្វើឲ្យក្រុមព្រះសង្ឃ និងប្រជាពលរដ្ឋមិនសប្បាយចិត្ត ដោយមានអ្នកខ្លះបានជេរប្រមាថទៅលើសមត្ថកិច្ច ដោយបានប្រើពាក្យអសុរោះ។
ខ្លឹមសារក្នុងញត្តិបានលើកឡើថា ការបំផ្លាញនិងរុះរើរបងនិងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ ហើយនិងការផ្ដល់ដីទំហំសាមសិបម៉ែត្រគុណនឹងមួយរយម៉ែត្រ (៣០ម x ១០០ម) ទៅឲ្យរដ្ឋនិងក្រុមហ៊ុនឯកជនជាទង្វើខុសច្បាប់ ព្រោះជាដីពុទ្ធសាសនបណ្ឌិតទាំងស្រុង ជាទ្រព្យសម្បត្តិរបស់ព្រះពុទ្ធសាសនា ដែលមិនអាចមានបុគ្គលណាមួយ ក្រុមហ៊ុនឯកជន ឬរដ្ឋយកទៅប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។
តាមញត្តិដដែលបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ទាមទារឲ្យក្រសួងធម្មការនិងសាសនាទទួលនូវសំណើចំនួន ៤ចំណុច៖
១- សុំឲ្យក្រសួងធម្មការនិងសាសនា បញ្ឈប់ការរុះរើ របង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ និងបញ្ឈប់ការជួលដីទំហំ (៣០ម x ១០០ម) ទៅឲ្យភាគីរដ្ឋ ឬក្រុមហ៊ុនឯកជន។
២- ក្រសួងធម្មការ និងសាសនាត្រូវធានាជាលាយលក្ខអក្សរថាខ្លួនមិនធ្វើឲ្យបាត់បង់ដីពុទ្ធសាសនបណ្ឌិត្យ និងទ្រព្យទាំងឡាយណាដែលជាកម្មសិទ្ធិរបស់ពុទ្ធសាសនបណ្ឌិត្យ ក្រសួងត្រូវប្រគេនប្លង់រឹងដល់សង្ឃនាយក និងមានការដឹងឮពីរាជាគណៈគ្រប់ឋាននុក្រម។
៣- ក្រសួងធម្មការនិងសាសនា ត្រូវបង្ហាញឯកសារពាក់ព័ន្ធនឹងដីទំហំ (៣០ម x ១០០ម)។ ៤- ក្រសួងធម្មការ និងសាសនា ត្រូវកសាងរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ ឲ្យបានលឿនបំផុត ហើយត្រូវធ្វើទៅតាមរចនាបទដើមទាំងស្រុង៕T/L












Blogger Comment
Facebook Comment