ស្វែងយល់ពីវិមានឯករាជ្យ ដែលជាកន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ថ្ងៃ៩វិច្ឆិកា

ប្រភព CEN
ភ្នំពេញ: ​​គេហទំព័រ​របស់​ក្រសួង​ទេសចរណ៍ បង្ហាញថា វិមានឯករាជ្យ ត្រូវបាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៥៨ សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណក្ខ័ន្ធ​យុទ្ធជន​អ្នកសេ្នហាជាតិ ក្រោយ​ពេល​សង្គ្រាម​បាន​បញ្ចប់​នៅ​កម្ពុជា និង​ដើម្បី​ប្រារព្ធ​នូវ​សេរីភាព និង​ឯករាជ្យ ដែល​កម្ពុជា បាន​រួច​ចេញ​ពី​ការគ្រប់គ្រង​របស់​ប្រទេស​បារាំង​។

​វិមានឯករាជ្យ ឈរ​យ៉ាង​ខ្ពស់ត្រដែត នៅ​ផ្លូវខ្វែង នៃ​មហាវិថី​ព្រះ​នរោត្តម និង​រុក្ខវិថី​ព្រះសីហនុ នៅ​ចំ​កណ្តាល​បេះដូង នៃ​រាជធានី​ភ្នំពេញ​។

​វិមានឯករាជ្យ ត្រូវបាន​គូរ​ប្លង់​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ​សម័យ​ទំនើប​ដ៏​ចំណាន គឺ​លោក វណ្ណ ម៉ូលីវណ្ណ ដែល​មាន​រាង ដូចជា ចេតីយ​រូប​ផ្កាឈូក ស្រដៀង​ទៅ​នឹង​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​ដ៏​អស្ចារ្យ និង​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​ដទៃទៀត​។

​វិមានឯករាជ្យ មាន​ប្រាំ​ថ្នាក់ ដែល​រំលេច​ទៅដោយ​នាគ ១០០ ហើយ​គួរឲ្យ​ចាប់​អារម្មណ៍បំផុត នៅ​ថ្ងៃរសៀល ជា​ពេល​ដែល​ព្រះអាទិត្យ​អស្តង្គត ចោល​នូវ​ស្រមោល​មកលើ​រូបចម្លាក់ ដោយ​បង្ហាញ​ឲ្យឃើញ​នូវ​ការ​ចាក់ស្រេះ​នៃ​រចនាបថ និង​ធ្វើឲ្យ​វិមាន​ឯករាជ្យ​ទាំងមូល​ភ្លឺ​ចិញ្ចែង​ចិញ្ចាំង​។​
​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ជា​រៀងរាល់ឆ្នាំ​។ វិមាន​ឯករាជ្យ ជាទី​ដ៏​សំខាន់​បំផុត​មួយ នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយជា​កន្លែង​ប្រារព្ធ​ពិធី នៅពេលដែល​ព្រះមហាក្សត្រ ទ្រង់​ដឹកនាំ​ប្រារព្ធ​ពិធី​ដ៏​មហោឡា​រឹក​ប្រចាំឆ្នាំ ដោយ​ប្រទាន​ភ្លើង​ជ័យ នៅក្នុង​វិមានឯករាជ្យ ពី​មុខ​ក្រុម​មន្ត្រី អ្នកមុខអ្នកការ​ក្នុង​ជួរ​រដ្ឋាភិបាល ផ្នែក​ឯកជន និង​សាធារណជន​ជាច្រើន​នាក់​ទៀត​។​

​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ដ៏​ធំ​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ដឹកនាំ​ធ្វើ​ព្រះរាជ​បូជនីយ​កិច្ច ដណ្តើម​ឯករាជ្យភាព​ពេញលេញ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ បារាំង បាន​ធ្វើ​ជា​អាណាព្យាបាល​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣៕​

8512041536_f08127ab71_z
Share on Google Plus
    Blogger Comment
    Facebook Comment