ភ្នំពេញ: លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ក្រោយពីបានទទួលព័ត៌មានអ្នកចម្រៀងដ៏ល្បីម្នាក់ គឺអ្នកនាង ឈិន ចាន់សុរ៉ាវី បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនភ្លាម លោកបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ ធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ ដើម្បីស្វែងរកការពិត។
លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បាននិយាយថា “ទោះបីជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់បានដឹងពីមូលហេតុ ដែលនាំឲ្យជនរងគ្រោះចងកស្លាប់នោះទេ។ សមត្ថកិច្ចកំពុងតែសាកសួរសាច់ញាតិរបស់ជនរងគ្រោះជាបន្តទៅទៀត”។
តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះម្នាក់ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះមានទឹកមុខស្រងូតស្រង៉ាត់ ខុសប្លែកពីធម្មតា តែគេមិនដឹងថា មានរឿងអ្វីនោះទេ ក៏ស្រាប់តែពេលនេះកើតបញ្ហានេះតែម្តងទៅ។ ជាមួយគ្នានេះដែរ កាលពីព្រឹកថ្ងៃទី១៤ខែវិច្ឆិកានេះ ជនរងគ្រោះបានបើករថយន្តបុកបង្គោលភ្លើងម្តងរួចមកហើយ។
សូមបញ្ជាក់ថា អ្នកចម្រៀងដ៏ល្បីម្នាក់ គឺអ្នកនាង ឈិន ចាន់សុរ៉ាវី អាយុជាង ៣០ ឆ្នាំ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន ដោយពុំមាននរណាម្នាក់បានដឹងអំពីមូលហេតុពិត នៃការសម្លាប់ខ្លួននោះឡើយ។ ក្រោយការស្លាប់ ជនរងគ្រោះបានបន្សល់ទុកនូវលិខិតមួយច្បាប់ ដោយសរសេរ ពាក្យពេជន៍មួយចំនួនផងដែរ។
ហេតុការណ៍នោះ គឺមានទីតាំងស្ថិតនៅក្នុងបូរីពិភពថ្មី ផ្ទះលេខ២១៤ ក្នុងភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។ ភាពភ្ញាក់ផ្អើលពេលប្រទះឃើញអ្នកចំរៀងឈ្មោះ ឈិន សុរ៉ាវី បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បានកើតមានឡើងកាលពីវេលាម៉ោង ៧ និង ២០នាទីយប់ថ្ងៃទី១៤ វិច្ឆិកា ២០១៣។
ប្រភពព័ត៌មានបានឲ្យ ដឹងថា អ្នកនាង ឈិន ចាន់សុរ៉ាវី បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកខ្សែវាំងននបង្អួចចងកនោះ ទំនងជាមានវីបត្តិស្នេហា ទើបធ្វើអោយមានបញ្ហានេះកើតឡើង។
ក្រោយពីហេតុការណ៍នេះ បានកើតឡើងហើយ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យនៅកន្លែងកើតហេតុ និងសាកសួរព័ត៌មានខាងលើជាមួយនិងក្រុមគ្រួសារ ហើយស្ត្រីរងគ្រោះត្រូវជាបងស្រីបង្កើតរបស់ពិធីការិនីទូរទស្សន៍ កញ្ញា ឈិន ចាន់សុធារី។ នាងបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឡៅតឿ ផ្ទះល្វែងរបស់នាង។
ក្រោយការស្លាប់ ជនរងគ្រោះបានបន្សល់ទុកនូវលិខិតមួយច្បាប់ ដោយសរសេរ ពាក្យពេជន៍មួយចំនួនផងដែរ៕

អ្នកនាង ឈិន ចាន់សុរ៉ាវី កាលនៅមានជីវិត
អ្នកនាង ឈិន ចាន់សុរ៉ាវី បានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ឡៅតឿ ផ្ទះល្វែងរបស់នាង និងបានបន្សល់ទុកនូវលិខិតមួយច្បាប់នៅក្បែរខ្លួន
Blogger Comment
Facebook Comment