មនុស្ស​យន្ដ​ថ្មី​របស់​ណា​សា​នឹង​ទៅជា​ន់​ភព​អង្គារ មុន​មនុស្ស​ទៅដល់ (​វីដេអូ​)

ប្រភព:KhmerHerald
ទីភ្នាក់ងារ​អវកាស​អាមេរិក ណា​សា (NASA) ទើបតែ​បាន​ឧទ្ទេសនាម​ប្រភេទ​មនុស្ស​យន្ដ​ថ្មី​មួយ​ដែលមាន​សមត្ថភាព​ឈរ និង​ធ្វើដំណើរ​ដោយ​ជើង​ពីរ ដូច​មនុស្ស ហើយ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បំពេញបេសកកម្ម​ជួយសង្គ្រោះ​។​

 ​មនុស្ស​យន្ដ​ខាងលើនេះ មាន​ឈ្មោះថា Valkyrie មាន​កម្ពស់ ១,៩​ម៉ែត្រ ទម្ងន់​ជិត ១៣០​គីឡូក្រាម និង​ត្រូវបាន​រចនា​ដូច​រូបរាង​របស់​តួអង្គ​មនុស្ស​ដែក (Iran Man) នៅក្នុង​ភាពយន្ដ​។ ក្រុម​វិស្វករ​នៃ​មជ្ឈមណ្ឌល​អវកាស Johnson របស់​ណា​សា ក្រុង Houston បានឱ្យដឹងថា មនុស្ស​យន្ដ Valkyrie ត្រូវបាន​រចនា និង​ច្នៃ​ឡើង ដោយ​ប្រើ​រយៈពេល ៩​ខែ​។​ ​

យោងតាម​ទំព័រ Live Science មនុស្ស​យន្ដ​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ នៅពេល​មាន​គ្រោះថ្នាក់​ធម្មជាតិ ឬ​ហេតុការណ៍​បន្ទាន់​កើតឡើង​។ ដើម្បី ពិនិត្យ​ទៅលើ​សមត្ថភាព​នៃ​ការបំពេញ​បេសកកម្មរ​បស់​មនុស្ស​យន្ដ​នេះ មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ Valkyrie នឹង​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​ក្នុងការ​ប្រកួត ក្នុង​ព្រឹត្តិការណ៍ DARPA Robotics Challenge​។​ ​

នៅក្នុង​ការប្រកួត​នោះ មនុស្ស​យន្ដ Valkyrie នឹងត្រូវ​ឆ្លងកាត់​វិញ្ញាសារ​ដែល​អាច​កើតឡើង​ពិត​។ ភារកិច្ច​របស់ Valkyrie គឺ​បើករថយន្ដ រៀបចំ​សំរាម លើកដាក់​គំនរ​បាក់បែក កំទេច​ជញ្ជាំង​ថ្ម ដើម្បី​ចូលទៅ​ជួយ​ជនរងគ្រោះ រួម​នឹង​ភារកិច្ច​បន្ទាន់​នានា និង​ការងារ​ផ្សេងៗ​ទៀត ទៅតាម​គម្រោង​ជួយសង្គ្រោះ​។​ ​

លោក Nicolaus Radford ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា ក្រៅពី​សមត្ថភាព​ខាងលើ Valkyrie ក៏​អាច​នឹងត្រូវ​បញ្ជូនទៅ​បំពេញបេសកកម្ម​នៅលើ​ភព​ព្រះ​អង្គារ មុនពេល​បញ្ជូន​មនុស្ស​ទៅ​ភព​ក្រហម​នេះ​។ បណ្ដា​មនុស្ស​យន្ដ​ប្រភេទ​នេះ នឹង​ជួយ​ដល់​ក្រុម​អវកាស​ចរ ដែល​បាន​ឡើងដល់​ភព​អង្គារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រួមគ្នា​។​

 ​គួររំឭកថា មុននេះ មនុស្ស​យន្ដ​ដែលមាន​រូបរាង​មនុស្ស​មួយ​ប្រភេទ មាន​ឈ្មោះថា Robonaut ត្រូវបញ្ជូន​ឡើងទៅ​ស្ថានីយ​អវកាស​អន្ដរជាតិ ប៉ុន្ដែ​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ឱ្យដឹងថា មនុស្ស​យន្ដ Valkyrie ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់បំផុត​នាពេល​បច្ចុប្បន្ន​៕

7861nasa_robot.jpg


Share on Google Plus
    Blogger Comment
    Facebook Comment