លោក កឹម សុខា បញ្ជាក់ថា មិនញញើតដីកាកោះ របស់តុលាការ និងគ្មានផែនការ ចាកចេញពីកម្ពុជា

ប្រភព ដើមអម្ពិល
- ក្រោយការបង្រ្កាប គណបក្សសង្រ្គោះជាតិ បង្ហាញជំហរចរចាឡើងវិញ
ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា មិន ខ្លាចញញើតនិងដីកាកោះរបស់តុលាការ រាជធានីភ្នំពេញនោះឡើយ លោកនឹងចូលបំភ្លឺតាមពេលកំណត់។ លោក កឹម សុខា នៅបានបញ្ជាក់ទៀតថា រូបលោក និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ គ្មានផែនការ ចេញពីកម្ពុជា នាពេលនេះឡើយ។
នៅក្នុងសន្និសីទរយៈពេលប្រហែលជា២០នាទីនាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០១៤ ក្រោយពីប្រារព្ធពិធី សូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធក្រុមអ្នកតវ៉ា នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិក្នុងខណ្ឌមាន ជ័យ លោក កឹម សុខា បានហៅការចេញដីកាកោះហៅរូបលោក និងលោក សម រង្ស៊ី របស់សាលាដំបូងរាជធានី ភ្នំពេញថា ជាល្បិចដដែលៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកៀបសង្កត់ទៅលើរូបលោក។
លោក កឹម សុខា បានបញ្ជាក់ថា «អ្វីដែលយើងអត់ធ្វើខុស យើងអត់ខ្លាច។ ខ្ញុំនឹងចូលទៅបំភ្លឺនៅតុលាការតាម ពេលកំណត់»។

នៅក្នុងសន្និសីទនោះ លោក កឹម សុខា ក៏បានបញ្ជាក់ផងដែរថា រូបលោក និង លោក សម រង្ស៊ី គ្មានផែនការចាក ចេញពីប្រទេសក្នុងស្ថានភាពបែបនេះឡើយ។ លោក កឹម សុខា ក៏បានអំពាវនាវឲ្យរាជរដ្ឋាភិបាល បញ្ឈប់អំពើ ហិង្សាទៅលើក្រុមអ្នកតវ៉ា និងទាមទារឲ្យមានការដោះលែងក្រុមអ្នកតវ៉ាទាំងអស់មកវិញ។
អនុប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ក៏បានអំពាវនាវដល់ក្រុមអ្នកគាំទ្ររបស់ខ្លួនឲ្យរក្សាភាពស្ងប់ស្ងៀមមួយ រយៈសិន។ ជាមួយការអំពាវនាវបែបនេះ លោក កឹម សុខា អះអាងថា គណបក្សសង្រ្គោះជាតិ នៅតែរក្សាជំហរ អហិង្សា និងគ្មានការបង្ហូរឈាម នោះឡើយ។

ឆ្លើយតបទៅនឹងការប៉ះទង្គិចរវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ារហូតមានស្លាប់ និងរបួសជាច្រើននាក់ នៅលើកំណាត់ ផ្លូវវេងស្រេង ក្នុងតំបន់សម្បូរដោយរោងចក្របម្រើដល់ ចរន្តសេដ្ឋកិច្ចកម្ពុជាដ៏សំខាន់នោះ លោក កឹម សុខា បញ្ជាក់ថា រូបលោកបានថ្លែងប្រាប់ទៅមន្រ្តីស្ថានទូតប្រចាំនៅកម្ពុជា និងអន្តរជាតិរួចរាល់អស់ហើយ។
ក្នុងសន្និសីទនាព្រឹកថ្ងៃអាទិត្យ ដែលធ្វើឡើងក្រោយសមត្ថកិច្ចចាប់ផ្តើមប្រើធម៌ក្តៅបញ្ឈប់ឲ្យមានការជួបជុំនៅលើ ទីលានប្រជាធិបតេយ្យ លោក កឹម សុខា ក៏បានបង្ហាញពីតម្រុយ នៃកិច្ចចរចាឡើងវិញជាមួយគណបក្សប្រជាជន កម្ពុជាផងដែរ។

បើតាម លោក កឹម សុខា ជំហរគណបក្សសង្រ្គោះជាតិ នៅតែបន្តការចរចារកដំណោះស្រាយចំពោះស្ថានភាព នយោបាយនាពេលបច្ចុប្បបន្ន។ តែកិច្ចចរចានោះ ត្រូវស្ថិតក្នុងបរិយាកាសមិនគំរាមកំហែង ឬសំឡុតនោះឡើយ។
សូមបញ្ជាក់ថា នៅក្រោយការប៉ះទង្គិចនៅលើផ្លូវវេងស្រេង រវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា រហូតបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់នោះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ហៀង សុភ័ក្រ្ត បានចេញដីកា កោះពីរច្បាប់ដាច់ដោយឡែកពីគ្នាផ្ញើទៅលោក សម រង្ស៊ី និង លោក កឹម សុខា ឲ្យចូលទៅបំភ្លឺនៅសាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីសាកសួរពីដំណើររឿង «ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមាន ភាពវឹកវរធ្ងន់ ធ្ងរដល់សន្តិសុខសង្គម»។

ដីកាកោះដែលធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ត្រូវបានគេមើលឃើញថា ធ្វើឡើងភ្លាមៗ ពោលធ្វើ ឡើងនៅក្រោយការប៉ះទង្គិចគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

Share on Google Plus
    Blogger Comment
    Facebook Comment