ប្រភព គេហទំព័រថ្មីថ្មី
គ្លីនិកឯកជនឈ្មោះ ឯករាជ្យដែលស្ថិតនៅក្នុងតំបន់ប៉ះទង្គិចលើផ្លូវវេងស្រេងនោះ បានរងការកំទេចដោយបាតុករ និងត្រូវជនឆ្លៀតឱកាសចូលលួចយកសម្ភារៈអស់ពីគ្លីនិក។ ម្ចាស់គ្លីនិក លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេងបានប្រាប់អោយដឹងថា ការខូចខាតគ្លីនិករបស់លោកមានតម្លៃប្រមាណ២០ម៉ឺនដុល្លារ។
គ្រាន់តែត្រូវចោទប្រកាន់ថា ជាគ្លីនិករបស់ជនជាតិវៀតណាម មន្ទីរព្យាបាលឯកជនឈ្មោះឯករាជ្យទាំងមូល ដែលបានស្ថិតនៅក្បែរសមរភូមិប៉ះទង្គិចរវាងប៉ូលីស និងបាតុករ បានខូចខាតទាំងស្រុង។ ការស្រែកចោទប្រកាន់យ៉ាងនេះ កើតឡើងនៅពេលដែល ក្រុមបាតុករបាននាំអ្នករបួសមកដល់គ្លីនិកឯករាជ្យនៅព្រឹកថ្ងៃសុក្រ (ថ្ងៃប៉ះទង្គិចដ៏ហិង្សា) ហើយសន្តិសុខដែលនៅឈពីមុខគ្លីនិកដែលបិទទ្វារតាំងពីយប់ថ្ងៃព្រហស្បតិ៍មកនោះ បានប្រាប់ថាទៅបាតុករថា «មិនមានវេជ្ជបណ្ឌិតនៅក្នុងគ្លីនិកឡើយ។ ទាំងនេះគឺជាការរៀបរាប់របស់លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង ម្ចាស់គ្លីនិកឯករាជ្យ។
ម្ចាស់គ្លីនិក ឯករាជ្យបានប្រាប់អោយដឹងថា ភាពតានតឹងនៅលើផ្លូវវេងស្រេងបានចាប់ផ្តើមតានតឹងតាំងពីយប់ថ្ងៃព្រហស្បតិ៍ ហើយលោកបានសម្រេចអោយបុគ្គលិកបិទទ្វារគ្លីនិកដែលមានអ្នកជំងឺនៅសម្រាកព្យាបាល២នាក់ប៉ុណ្ណោះ។ លោកស៊ូយេងរៀបរាប់បន្តយ៉ាងដូច្នេះថា៖«ភាពតានតឹងបានកើតឡើងតាំងពីយប់។ ព្រឹកឡើងថ្ងៃសុក្រ ផ្លូវនៅតំបន់នោះត្រូវប៉ូលីសបិទ។ គ្រូពេទ្យរបស់យើងមិនអាចចូលទៅក្នុងគ្លីនិកបានឡើយ។ នៅក្នុងគ្លីនិកនោះមានតែគិលានុបដ្ឋយិការ២នាក់ប៉ុណ្ណោះ។
គាត់គ្រាន់តែចេះចាក់ថ្នាំ មិនចេះធ្វើអ្វីលើសនេះទេ។ ចឹងបានយើងបិទទ្វាររហូត។ សន្តិសុខរបស់យើង ដែលបានរត់គេចខ្លួន ពេលបាតុករផ្តើមប្រើហិង្សាមកលើគ្លីនិកនោះ បានប្រាប់ថា ក្នុងបាតុករនោះមានអ្នកស្រែកថា គ្លីនិករបស់យើងជាគ្លិនិករបស់វៀតណាម។ ពេលនោះពួកគេក៏ចូលកំទេចគ្លីនិកតែម្តង។ ខ្ញុំសូមបញ្ជាក់ថា គ្លីនីកនេះ ជារបស់ខ្មែរ ជារបស់ជនជាតិខ្មែរ»។
លោកស៊ីម ស៊ូយេងបានស្រង់សម្តីរៀបរាប់របស់បុគ្គលិកដែលបានឃើញហេតុការណ៍យ៉ាងដូច្នេះ៖«បាតុករដែលបានសំរុកចូលក្នុងគ្លីនិកហើយក៏បានស្រែករកបុគ្គលិកពេទ្យយើង។ ប៉ុន្តែបុគ្គលិកដែលមានគិលានុដ្ឋយិកា និងអ្នកបោសជូត និងចុងភៅនោះបានឡើងទៅសំងំលាក់ខ្លួននៅជាន់ទី៣ មុននឹងផ្លោះចូលទៅផ្ទះអ្នកជិតខាង ដើម្បីគេចខ្លួន ដោយខ្លាចបាតុករប្រើហិង្សា»។
បើតាមការបញ្ជាក់របស់ម្ចាស់គ្លីនិក ការបំផ្លាញគ្លីនិកមាន២ដងនៅថ្ងៃសុក្រនោះ ពោលគឺការបំផ្លាញទ្រព្យសម្បត្តិ និងការលួចសម្ភារៈ និងថ្នាំពេទ្យនៅពេលព្រឹកនោះ និងនៅពេលល្ងាច មានជនឆ្លៀតឱកាសបានចូលយកលួចសម្ភារៈនៅសេសសល់ដូចជាម៉ាស៊ីនត្រជាក់ជាដើម។
«និយាយរួមទៅ គ្លីនីកទាំងមូលត្រូវខូចខាតទាំងស្រុង។ បើគិតជាទឹកប្រាក់មានតម្លៃប្រមាណ២០ម៉ឺនដុល្លារ។ ខ្ញុំចង់ប្រាប់បាតុករវិញថា ពួកគេមិនគួរធ្វើយ៉ាងដូច្នេះឡើយ។ ពួកគេចោទថា យើងមិនចង់ព្យាបាលកម្មករ។ គ្លីនិករបស់យើងស្ថិតនៅក្នុងតំបន់រោងចក្រ។ រាល់ថ្ងៃអតិថិជនរបស់យើងគឺកម្មករ កម្មការិនីភាគច្រើន។ ប៉ុន្តែ ពួកគេត្រូវយល់ថា ពេលនោះតំបន់ផ្លូវវេងស្រេងវាក្លាយជាតំបន់អសន្តិសុខ កន្លែងណាក៏បិទទ្វារដែរ»។
លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង បានបញ្ជាក់អោយដឹងផងដែរថា លោកនឹងដាក់ពាក្យបណ្តឹងទៅអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកការទទួលខុសត្រូវលើការខាតបង់ទាំងនេះ។ ការទទួលខុសត្រូវដែលលោកមានសង្ឃឹមតិចតួចបំផុតថានឹងទទួលបាន៕
Blogger Comment
Facebook Comment