វាយបុរសម្នាក់ បែកក្បាល ដោយសាររឿងដណ្តើម ម៉ូយដាក់រថយន្ត

ប្រភព ដើមអម្ពិល
កំពង់ចាម៖ បុរសជាព្រូរថយន្ត តាក់ស៊ីម្នាក់ ត្រូវក្រុមរថយន្តតាក់ស៊ី ម្ខាងទៀតមានគ្នា ៣នាក់ព្រួតវាយបែកក្បាល រងរបួសជាតំណំ ខណៈពួកគេ ដណ្តើមម៉ូយដាក់រថយន្ត (កំពង់ចាម-ភ្នំពេញ) នៅវេលាម៉ោង៨៖៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ នៅចំណុចតាមបណ្តោយផ្លូវជាតិ លេខ៧ ចម្ងាយពីគល់ស្ពានគីហ្សូណា ប្រមាណជា១០០ម៉ែត្រ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនរងគ្រោះមានឈ្មោះ សឹង ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុង កំពង់ចាម រងរបួសត្រង់ក្បាល ផ្នែកខាងក្រោយយ៉ាងតំណំ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងបុរសម្នាក់ទៀត បានហៅអ្នកដំណើរ ដាក់រថយន្ត ខណៈពេលនោះ ភាគីរថយន្តតាក់ស៊ី មួយក្រុមទៀតមាន គ្នា៣នាក់ បានមកដណ្តើមម៉ូយ ក៏កើតមាន ការប៉ះទង្គិចពាក្យសម្តី ឈានទៅប្រតាយប្រតប់គ្នា ហើយរំពេចនោះ ភាគីខាងបុរស៣នាក់ បានស្ទុះយកដំថ្ម មក វាយត្រូវក្បាល ជនរងគ្រោះបណ្តាលឲ្យ រងរបួសជាតំណំ បន្ទាប់មកក៏នាំគ្នាបើករថយន្ត គេចខ្លួនអស់ទៅ ។

អ្នកស្រី លីន ជាអ្នករត់តាក់ស៊ីដូចគ្នា បានឲ្យដឹងផងដែរថា កាលពីថ្ងៃទី១៧ ខែមករាម្សិលមិញ ក្រុមអ្នកវាយគេឲ្យ របួស ធ្លាប់មានទំនាស់វាយប្អូនប្រុស គាត់ដែរ ប៉ុន្តែរបួសស្រាលដោយសារតែ រឿងដណ្តើមម៉ូយ ប៉ុន្តែប្អូនគាត់មិន បានប្តឹងសមត្ថកិច្ចទេ។ លុះនៅព្រឹកមិញនេះ ស្រាប់តែភាគី៣នាក់នោះ បានវាយជនរងគ្រោះឈ្មោះ សិដ្ឋ រងរបួស ធ្ងន់ ដោយមូលហេតុ ដណ្តើមម៉ូយដាក់រថយន្តមិនបាន។ អ្នកស្រី លីន បានបន្តថា រថយន្តរបស់ភាគីដៃដល់ចាស់ ហើយអ្នកដំណើរខ្លាចមិនហ៊ានជិះ មកជិះរថយន្ត ខាងជនរងគ្រោះហេតុដូច្នេះហើយ ទើបធ្វើឲ្យភាគីរថយន្ត ម្ខាងទៀតនោះខឹងសម្បារ មានការប៉ះទង្គិចពាក្យសម្តី រហូតដល់ប្រើអំពើហិង្សា យ៉ាងដូច្នេះ។

ករណីខាងលើនេះ ក្រោយពីកើតហេតុ សាច់ញាតិជនរងគ្រោះ កំពុងដាក់ពាក្យប្តឹង នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ចំណែកឯជនរងគ្រោះ ត្រូវដឹកយកទៅព្យាបាល នៅ មន្ទីរពេទ្យឯកជន មួយក្នុងក្រុងកំពង់ចាម ៕

Photo by DAP-News

Photo by DAP-News
Share on Google Plus
    Blogger Comment
    Facebook Comment