ភ្នំពេញ៖ អគ្គិភ័យដ៏ កំណាចមួយ បានឆេះបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នងខ្ទេច គ្មានសល់ និងបានផ្តាច់ជីវិត បុរសម្នាក់ បន្សល់ទុកប្រពន្ធ និងកូន៤នាក់ (កូននៅក្នុងផ្ទៃម្នាក់)ឲ្យនៅកំព្រា ដោយសារតែទុស្សេខ្សែភ្លើង កាលពីវេលា ម៉ោងប្រមាណ ១៖៤០នាទី យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលំ មាត់ទន្លេ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថានៅវេលាម៉ោង កើតហេតុ ខាងលើនេះ មានការភ្ញាក់ផ្អើល ក្រោយពីផ្ទះប្រជាពលរដ្ឋ នៅក្នុងដីឡូត៍ មួយកន្លែង ត្រូវបានភ្លើងឆាបឆេះ ហើយពេលនោះ កម្លាំងនគរបាលមូលដ្ឋាន ដឹកនាំ ដោយលោកអធិការ ម៉ក់ ហុង បានទាក់ទង រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ និងរថយន្តរបស់ ក្រុមហ៊ុន ប្រេងតេឡា ចំនួន៥គ្រឿងមក ជួយអន្តរាគមន៍ ជាបន្តបន្ទាប់ តែដោយសារ ស្ថានភាពយប់ជ្រៅ និងមានចំងាយផ្លូវឆ្ងាយគួរសមផងនោះ បានធ្វើឲ្យភ្លើងឆេះ កាន់តែខ្លាំង រហូតដល់ម៉ោងប្រមាណ ៣៖៣០នាទី ទើបអាចគ្រប់គ្រង ស្ថានការណ៍បាន។
សមត្ថកិច្ច បានបន្តទៀតថា នៅក្នុងគ្រោះអគ្គិភ័យនេះ បានសម្លាប់បុរសម្នាក់មាន ឈ្មោះ វ៉ាត ប៊ុនហ៊ាង អាយុ២៧ឆ្នាំ ខណៈកំពុងដេក លុងលក់ នៅក្នុងផ្ទះ ។
ការស្លាប់របស់ជនរងគ្រោះ បានបន្សល់ទុក ប្រពន្ធមាន ឈ្មោះ ឆេង ហ្គិចគាង ខណៈកំពុងមានផ្ទៃពោះ និងកូន៣នាក់ នៅកំព្រា។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់អាចបញ្ជាក់ អំពីទំហំនៃការខូចខាត ដែលបណ្តាលមកពី អគ្គិភ័យខាងលើនេះនៅឡើយទេ។
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤នេះ អភិបាលខណ្ឌ សែនសុខ លោក លី សាវេត និងមន្រ្តីពាក់ព័ន្ធ ជាច្រើនផ្សេងទៀត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីផ្តល់អំណោយ និងថវិកា មួយចំនួន ដល់សាច់ញាតិ ជនរងគ្រោះ៕





Blogger Comment
Facebook Comment