ជិះដេញតាមបាញ់ ៣​គ្រាប់​ត្រូវចំ​ដើមទ្រូង​ប្លន់​យក​ម៉ូតូ​ (update)

ប្រភព៖ CEN
ភ្នំពេញ: ជនសង្ស័យ ២​នាក់​បើក​ម៉ូតូ​តាម​ពីក្រោយ​ធ្វើ​សកម្មភាព​បាញ់ ៣​គ្រាប់​ទៅលើ​ជនរងគ្រោះ ត្រូវចំ​ដើមទ្រូង​១​គ្រាប់ ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​២០១៤ ទៅ​បាត់​។​

​ហេតុការណ៍​បាញ់​ប្លន់​នេះ បាន​កើតឡើង​កាលពី​ម៉ោង​ជិត​៩ យប់​ថ្ងៃទី​១២ កុម្ភៈ ២០១៤ នៅ​ចំណុច​ខាងលិច​ផ្សារ​ប៉េសេ តាមផ្លូវ​បេតុង ១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​ប្រាប់ថា ជនរងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ រស្មី អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ស្នាក់នៅ​ម្តុំ​ចំការ​ដូង​។

 ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​បាញ់​ត្រូវ​មួយ​គ្រាប់​ចំ​ដើមទ្រូង​ខាងឆ្វេង​ធ្លាយ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ប្រាប់ថា មុនពេល​កើតហេតុ​ឃើញ​ជនរងគ្រោះ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​២០១៤ មិន​ចាំ​ស្លាក​លេខ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ បើក​ម៉ូតូ និ​ច ឌុប​គ្នា បើក​ដេញតាម​ជនរងគ្រោះ​តាំងពី​ផ្លូវ​២៧១ និង​បាញ់​គំរាម ១​គ្រាប់​។

 ជនសង្ស័យ​បើក​ម៉ូតូ​ដេញតាម​ជនរងគ្រោះ​រហូតមកដល់​ចំណុច​ខាងលិច​ផ្សារ​ប៉េសេ ក៏​បាញ់ ២​គ្រាប់​ទៀត ត្រូវចំ​ជនរងគ្រោះ ១​គ្រាប់ ដួល​ធ្លាក់​ពីលើ​ម៉ូតូ ទើប​ជនសង្ស័យ​ម្នាក់ ចុះមក​លើក​ម៉ូតូ​ជនរងគ្រោះ បើក​គេចខ្លួន​ទៅ​បាត់ ឯ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​៕ L
Share on Google Plus
    Blogger Comment
    Facebook Comment