ប្រភព CEN
ភ្នំពេញ: បើតាម ” រស្មីកម្ពុជា ” ដែលជាកាសែតដ៏ល្បីល្បាញ និងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានផ្សព្វផ្សាយឲ្យដឹងថា ស៊ីសា (Shisha) បានបង្ហាញវត្តមាន នៅកម្ពុជាហើយ ហើយបានទាក់ទាញ ការចាប់អារម្មណ៍របស់យុវជនមួយចំនួន ខណៈពិភពលោក បានចាត់ទុកគ្រឿងជក់មួយនេះថា មានគ្រោះថ្នាក់ដល់សុខភាព ដូចការជក់បារីដែរ។.jpg)
យោងតាមគេហទំព័ររបស់អង់គ្លេសមួយ (www.theguardiancom) រស្មីកម្ពុជា បានដក ស្រង់ចុះផ្សាយ នៅក្នុងកាសែត ឆ្នាំទី២២ លេខ៦៣៤៩ ចុះថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា ស៊ីសា កំពុងតែទទួលបាន ការពេញនិយម សប្បាយជក់ ប៉ុន្តែអ្នកជំនាញខ្លះ បាននិយាយថា ស៊ីសាមួយបំពង់ ប្រៀបដូចការជក់បារី ចំនួន ២០០ ដើម។
បុរសរូបនេះ បាននិយាយថា “ខ្ញុំនឹងទៅកន្លែងជក់ស៊ីសា។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាល។ ជក់ស៊ីសា ដូចទៅនឹងមនុស្សដទៃទៀត ដែលពួកគេផឹកស្រាក្រហម ឬជក់បារី ដើម្បីបន្ថយអារម្មណ៍តានតឹង ឱ្យការងាររបស់ពួកគេទៅមុខ។
សម្រាប់ខ្ញុំវិញ ខ្ញុំចូលចិត្តស៊ីសា។ ប្រសិនបើខ្ញុំ មិនបានជក់វា ហាក់បីដូចជា ធ្វើឱ្យខ្ញុំមិនស្រួលខ្លួន យ៉ាងម៉េចមិនដឹងទេ។”
លោក រេហ្សាវី បានសាកវា ជាលើកដំបូង ពេលដែលលោក មានអាយុ ១៦ឆ្នាំ មកម្ល៉េះ។ គាត់បានចាប់ផ្តើមជក់វា ជាញឹកញាប់ ចាប់តាំងពីប្រាំឆ្នាំមុន ហើយលោកបានជួយឪពុករបស់លោក បើកហាងមួយដាក់កាហ្វេស៊ីសា។ បន្ទាប់មក ហាងកាហ្វេរបស់ឪពុកលោក ត្រូវបានបិទ ចាប់តាំងពីរដ្ឋាភិបាល ហាមឃាត់ការជក់បារី។ ប៉ុន្តែលោកនៅតែជក់វាដដែល ក្នុងក្លឹបជាមួយមិត្តរបស់លោក។
លោកខាលីត អានីស (Khalid Anis) ជាវេជ្ជបណ្ឌិត ក្នុងទីក្រុងមេនឆេស្ទឺ នៃប្រទេសអង់គ្លេស បាននិយាយថា តាមការបកប្រែអំពីស៊ីសានោះ វាជាវត្ថុមួយ មិនអាក្រក់ ដូចមនុស្សជក់បារីនោះទេ ពីព្រោះថ្នាំជក់ ត្រូវបានហូរចូល និងឆ្លងកាត់កន្លែងដាក់ទឹក មុនដំបូងសិន រហូតមកដល់ទុយោបឺត។ ប៉ុន្តែសារធាតុខ្លះ អាចនាំឲ្យកើតជំងឺមហារីក និងមានសារធាតុជាតិនីកូនទីន នៅក្នុងស៊ីសាដដែល។
ជាធម្មតា អ្នកជក់ស៊ីសា អាចនឹងរំពឹងទុកថា អាចឈានដល់កម្រិត មានបញ្ហាសុខភាព ប្រៀបដូចអ្នកជក់បារី ដែលនឹងប្រឈមមុខជាមួយ ជំងឺមហារីក និងជំងឺបេះដូង។
.jpg)
តាមការស្រាវជ្រាវលើគេហទំព័រ វិគីភីឌា (Wikipedia) មួយទៀត អំពីប្រវត្តិស៊ីសា បានឱ្យ ដឹងថា ស៊ីសា ជាភាសាអង់គ្លេស ហៅថា Shisha ឬ ភាសាអារ៉ាប់ ហៅថា ហ្សូកកាហ៍ (Hookah)។
ស៊ីសានេះ មានដើមកំណើត ក្នុងប្រទេសអេហ្ស៊ីប ហើយបានបែកធ្លាយ ទៅកាន់តំបន់អាមេរិកខាងជើង អាមេរិកខាងត្បូង អឺរ៉ុប អូស្ត្រាលី អាស៊ីអាគ្នេយ៍ តង់ហ្សានី និងអាហ្វ្រិកខាងត្បូង។ ស៊ីសានេះ ជាគ្រឿងជក់ ដែលមានប្រជាប្រិយ៍ភាព ចំពោះយុវវ័យ។
ដោយឡែក រស្មីកម្ពុជា បានលើកយកនូវទឡ្ហីករណ៍មួយ ដែលអ្នកយកព័ត៌មានរបស់ ខ្លួន បានជួបប្រទះនោះថា “យើងបានឃើញថា ស៊ីសា មានរូបរាង ជាបំពង់ឈរទ្រវែង មានប្រវែងកន្លះម៉ែត្រ ដោយមានទុយោបឺតមួយ ជាប់នឹងបំពង។
បំពង់ស៊ីសានេះ មានប្រហោងមួយផងដែរ ជាកន្លែងដាក់ទឹកនៅខាងក្នុង ដែលនៅពីលើកន្លែងដាក់ទឹកនោះ វាមានកន្លែងសម្រាប់ដាក់ដុំធ្យូងតូចៗ ក្តៅល្មមនៅពីលើស៊ីសានោះ។ ការដាក់ដុំធ្យូងតូចនោះ សម្រាប់ឱ្យមានកំដៅ ស្រូបយកចំហាយទឹក ក្នុងស៊ីសានោះ ចេញជាផ្សែង តាមទុយោបឺតវិញ ចូលក្នុងមាត់របស់អ្នកជក់”។
កាសែតរស្មីកម្ពុជាដ៏ល្បីល្បាញនៅកម្ពុជាមួយនេះ បានលើកឡើងនូវប្រភពដោយ ឡែកមួយទៀត យកមកបញ្ជាក់ថា “អ្នកបំរើម្នាក់ក្នុងកន្លែងជក់ស៊ីសាមួយ ក្នុងរាជធានីភ្នំពេញ បានបង្ហើបឱ្យរស្មីកម្ពុជាដឹងថា ស៊ីសានេះ អាចដាក់ស្រាប្រភេទណា ក៏បានឬជាស្រាក្រឡុក ឬជាទឹកផ្លែឈើ។
ចំណែកទុយោបឺតមួយ ដែលជាប់បំពង់នោះ គឺសម្រាប់បឺតចំហាយផ្សែងដែលចេញពីចំហេះទឹក ដោយរងើកភ្លើងដុំធ្យូង ក្នុងស៊ីសានោះ។ ប្រសិនបើស៊ីសានោះ ដាក់ទឹកផ្លែឈើ អ្នកបឺត វាប្រាកដជា បានក្លិនផ្សែងបែបរសជាតិទឹកផ្លែឈើ ប៉ុន្តែបើវាដាក់ស្រាវិញនោះ អ្នកបឺតមានអារម្មណ៍ថា ស្រាបានហោះចូលទៅក្នុងខ្លួន ហើយមានអារម្មណ៍ថា ស្រវឹង។ ការជក់ស៊ីសាអាចជក់ផ្លុំចេញជាពពុះសាប៊ូនិងផ្លុំជាផ្សែងរង្វង់មូល”។
ជាមួយគ្នានោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា យើងបានឃើញថា មានហាងជក់ស៊ីសា ជាច្រើនកន្លែង បានផុសផុលផ្សព្វផ្សាយពីទីតាំង និង របៀបជក់សប្បាយរបស់ស៊ីសាថា មានលក្ខណៈយ៉ាងម៉េច។ ជាមួយគ្នានោះ មាន យុវវ័យមួយក្រុម បានបង្ហោះវីឌីអូ អំពីពួកគេបានសប្បាយ នឹងការជក់ស៊ីសា ប្រាប់ទៅកាន់មិត្តៗ និងបណ្តាញសង្គមមួយនេះ។
វីឌីអូមួយនោះ បង្ហាញយុវវ័យបុរសស្ត្រីបីនាក់ ចែកគ្នាជក់ម្តងម្នាក់ និងអង្គុយញាក់តាមភេ្លង ដែលគេចាក់ ហើយនិយាយណែនាំខ្លួន ឈ្មោះរបស់ពួកគេ និងស្រែកសប្បាយ ប្រឡែងគ្នា ដាក់មុខកាមេរ៉ាវីឌីអូ។
តាមស្ទាបស្ទងរបស់រស្មីកម្ពុជា បានឲ្យដឹងថា ក្នុងរាជធានីភ្នំពេញ មានកន្លែងជក់ស៊ីសា ជាច្រើនកន្លែងរួចមកហើយ ដែលមានយីហោធំៗ ហើយកន្លែងខ្លះទៀត លួចលាក់ដាក់ក្នុងក្លឹបរាត្រី ឬភោជនីយដ្ឋានបរទេស។ កន្លែងជក់ស៊ីសា មានក្នុងខណ្ឌធំៗ ចំនួនពីររបស់ក្រុងភ្នំពេញ គឺ ខណ្ឌដូនពេញ និង ចំការមន ។
ក្នុងខណ្ឌដូនពេញ មានបីកន្លែង នៅលើផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ,លើផ្លូវ១១៨ សង្កាត់ផ្សារកណ្តាល និងលើផ្លូវ៥១(ផ្លូវប៉ាស្ទ័រ) ក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ហើយក្នុងខណ្ឌចំការមន មានពីរកន្លែង នៅលើផ្លូវ២១២ឌី សង្កាត់ទួលទំពួង។ ស៊ីសានេះ ក្នុងមួយបំពង់ មានតម្លៃ ចាប់ពី ៨ ដុល្លារ ឡើងដល់ ២០ ដុល្លារ៕V/s
Blogger Comment
Facebook Comment