ភ្នំពេញ: នារីម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ពេលបើកម៉ូតូដេញវាយគ្នាតាមផ្លូវ ហើយជ្រុលចង្កូតម៉ូតូ ធ្លាក់ចូលទឹកស្អុយ នៅចំហៀងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យឈ្លក់ទឹកស្លាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមផ្លូវលេខ២៧១ ខាងមុខផ្ទះលក់អាគុយរថយន្ត និងម៉ូតូយីហោ ឌួង ចិត្រា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា នារីនោះ ស្លៀកខោខ្លីពណ៌ខៀវ ពាក់អាវខ្មៅដៃខ្លី។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្តេប ពណ៌ខ្មៅ មានឌុបនារី ២ នាក់ បើកតាមផ្លូវ ហើយក្រុមក្មេងស្ទាវផ្សេងទៀត បើកម៉ូតូតាមពីក្រោយ ដេញវាយរហូត មកដល់ចំណុចកើតហេតុ ជាផ្លូវកោង ក៏បើកម៉ូតូ ជ្រុលចង្កូតធ្លាក់ចូលប្រឡោះផ្ទះប្រជាពលរដ្ឋ ដែលនៅខាងក្រោមផ្ទះ សុទ្ធតែទឹកស្អុយ និងសំរាម បណ្តាលឲ្យនារីម្នាក់ កប់ក្នុងសំរាម ស្លាប់ និង២នាក់ទៀត របួសធ្ងន់។ អ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តដឹកសព ទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីស្វែងរកក្រុមគ្រួសារ ចំណែកម៉ូតូ ប៉ូលិសយកទៅរក្សាទុកនៅខណ្ឌទួលគោក៕V/L

នារីម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ពេលបើកម៉ូតូដេញវាយគ្នាតាមផ្លូវ ហើយជ្រុលចង្កូតម៉ូតូ ធ្លាក់ចូលទឹកស្អុយ

Blogger Comment
Facebook Comment