យុវជន២ក្រុម ជិះម៉ូតូដេញកាប់គ្នា លឿនពេកបណ្តាល ឲ្យយុវជន២នាក់ ជិះម៉ូតូឌុបគ្នា គេចរេចង្កូត បុកគំនរឥដ្ឋ បោកក្បាល រងរបួសធ្ងន់ធ្ងរ

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ក្រុមយុវជន ទំនើង ២ក្រុមមានគ្នា ជិត ១០នាក់ ជិះម៉ូតូ ៣ទៅ ៤គ្រឿង ដេញកាប់គ្នាយ៉ាងប្រសាច តាមបណ្តោយផ្លូវលេខ ៤៣២ ហើយខណៈ បណ្តាលឲ្យយុវជន ២នាក់ ចំណោមយុវជនទាំង ១០ នាក់ ត្រូវជិះ ម៉ូតូផ្លោតស្នៀតរេចង្កូត បុកគំនរឥដ្ឋ របស់ប្រជាពលរដ្ឋ ដួលបោកក្បាលរង របួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង កើតហេតុ កាលពីវេលាម៉ោង ១២នឹង ៣០នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅ ចំណុចមុខផ្ទះលេខ ២០២ ផ្លូវលេខ ៤៣២ សង្កាត់ទួលទំពូងទី ១ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញ ហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេល មានគ្រោះ ថ្នាក់នេះគឺយុវជន២ក្រុម មួយក្រុមមានគ្នា ៤នាក់ជិះម៉ូតូ ២គ្រឿង នឹងមួយក្រុមទៀតមានគ្នា ៦នាក់ ជិះម៉ូតូ៣គ្រឿង បានកាន់ដាវសាំម៉ូរៃដេញកាប់គ្នាយ៉ាងប្រសាចពេញដងផ្លូវសាធារណៈនោះ លុះជិះដល់ចំណុច ខាងលើ នេះ យុវជន ២នាក់ជិះម៉ូតូសេ ១១០ ពណ៌ឈាមជ្រូក ដែលត្រូវក្រុមយុវជនផ្សេងទៀតជិះម៉ូតូដេញកាប់នោះ បានរេចង្កូតម៉ូតូទៅខាងស្តាំដៃ ជ្រុលបុកគំនរឥដ្ឋ ដែលគេគរទុកនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង តែម្តង បណ្តាលឲ្យយុវជន ទាំង ២នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ សន្លប់ស្តុកស្តឹងនៅនឹងកន្លែង កើតហេតុបានរថយន្ត សាមុយ របស់មន្ទីរពេទ្យឯកជន មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។

យុវជនរងរបួស២នាក់នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ។ ហើយក្រោយកើតហេតុក្រុម យុវជនបង្កបានជិះម៉ូតូគេចខ្លួន បាត់ស្រមោលអស់ ដូច្នេះសមត្ថកិច្ច បានត្រឹមទៅអូសយកម៉ូតូ របស់ យុវជនរងគ្រោះ យកទៅរក្សាទុកនៅទីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋ បាលទួលទំពូងទី ១ រង់ចាំទំនាក់ ទំនងទៅក្រុមគ្រួសារឲ្យមក ទទួលយកទៅវិញ ៕



Share on Google Plus
    Blogger Comment
    Facebook Comment