ប្រភព៖ CEN
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ នៅព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នេះ ត្រូវបានដាក់ពង្រាយនៅលើ ទីលានប្រជាធិបតេយ្យ និងបរិវេណជុំវិញនោះ គ្រាដែលក្រុមសហជីពប្រមាណជា ៣០០នាក់ ក៏បានទៅកាន់ទី នោះផងដែរ តែមិនត្រូវបានអនុញ្ញាតឲ្យចូល ទៅលើទីលានប្រជាធិបតេយ្យឡើយ។
ការដាក់ពង្រាយកម្លាំងសមត្ថកិច្ច ដែលបំពាក់ដោយដំបង និងខែលនាព្រឹកថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមសហជីព ធំៗប្រមាណជា១៨ បានគំរាមនាំគ្នាយកថ្ងៃ ៨ មីនា ទិវាសិទ្ធិនារីអន្តរជាតិ ធ្វើការជួបជុំតវ៉ាទាមទារដំឡើងប្រាក់ខែ គោល ១៦០ដុល្លារ។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសុក្រ ទី០៧ ខែមីនា ម្សិលមិញ បានមានប្រ សាសន៍ថា ការដែលមិនអនុញ្ញាតឲ្យមានការជួបជុំលើទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃនេះ ដោយសារក្លាចធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ នាថ្ងៃប្រារព្ធសិទ្ធិនារីអន្តរជាតិ។
តែទោះបីជាយ៉ាងណា សាលារាជធានីភ្នំពេញ ក៏បានអនុញ្ញាតឲ្យក្រុមសហជីពទាំងអស់នោះ ប្រារព្ធកម្មវិធីរបស់ ខ្លួននៅតាមទីស្នាក់ការរៀងៗខ្លួន។
ការធ្វើទាមទីស្នាក់ការរៀងៗខ្លួន មិនមែនជាការចង់បានរបស់សហជីពនោះឡើយ នាព្រឹកថ្ងៃទី៨ មីនា ឆ្នាំ២០១៤ នេះ នៅតែមានក្រុមកម្មករ កម្មការិនី រួមនិងអ្នករត់ម៉ូតូ និងក្រុមអ្នកតវ៉ាផ្សេងៗទៀត ប្រមាណជា ៣០០នាក់ បាន នាំគ្នាទៅប្រមូលផ្តុំក្បែរៗទីលានប្រជាធិបតេយ្យ ទោះបីអាជ្ញាធរមិនអនុញ្ញាតឲ្យចូល ទៅក្នុងទីលានប្រជាធិបតេយ្យ ក៏ដោយនោះ។
ការរារាំង និងការប៉ុនប៉ងចង់ចូលទៅកាន់ទីលានប្រជាធិបតេយ្យ រវាងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាឃើញថា ប្រឈមគ្នា តែមិនមានផ្ទុះបាតុភាពអ្វីនោះទេ។
ទន្ទឹមនឹងការដាក់កម្លាំងកាន់កាប់ទីលានប្រជាធិបតេយ្យ កម្លាំងសមត្ថកិច្ចជាច្រើននាក់ផ្សេងទៀត ក៏ត្រូវបានដាក់ ពង្រាយនៅតាមបណ្តោយផ្លូវម្តុំស្ថានីយប្រេងឥន្ធនៈ កាល់តិចមុខវិទ្យាស្ថានប៉ាស្ទ័រផងដែរ ក្នុងបំណងរារាំងមិនឲ្យ ក្រុមអ្នកតវ៉ាបឹងកក់ទៅកាន់ទីលានប្រជាធិបតេយ្យ៕
ទិដ្ឋភាពនៅម្តុំទីលានប្រជាធិបតេយ្យ
កម្លាំងសមត្ថកិច្ចរាំងរាំងក្រុមអ្នកភូមិបឹងកក់
Blogger Comment
Facebook Comment