- អ្នកស្រី កែវ មុំ លើកទឹកចិត្ត ឲ្យស្ត្រីទាំងអស់ ហ៊ានពុះពារអភិវឌ្ឍន៍ ជីវិតនៅក្នុងសង្គម
ភ្នំពេញ៖ ក្នុងទិវានារីអន្តរជាតិ ៨ មីនា លើកទី១០៣ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលសូមចូលរួមសម្តែងការអបអរ សាទរ និង ជូនពរឲ្យស្ត្រីកម្ពុជា និងស្ត្រីទូទាំងពិភពលោក បានទទួលនូវជោគជ័យក្នុងឆាកជីវិត និងទទួលបានការ គោរពស្រឡាញ់ពីបុរសគ្រប់រូប។
ជាចំណងដៃថ្ងៃ ៨ មីនា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមលើកយកនូវកម្រង ជីវិតស្ត្រីខ្មែរមួយរូប ដែលចាត់ទុកជាស្ត្រីប្រកបដោយភាពអង់អាចក្លាហាន វ័យឆ្លាត និង សមត្ថភាព បានពុះពារ សម្រេចនូវជោគជ័យលើវិថី នៃមុខជំនួញ ហើយត្រូវបានគេប្រសិទ្ធនាម ជាសហគ្រិនស្ត្រីជោគជ័យវ័យក្មេងមួយរូប ផងដែរ។
ធ្វើដំណើរតាមក្លោងទ្វារវត្តតាំងក្រសាំងខាងត្បូង ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លើផ្លូវបេតុងចម្ងាយ ប្រមាណជា ៣០០រយម៉ែត្រ គេនឹងឃើញសហគ្រាសមួយលាតសន្ធឹងលើផ្ទៃដីដ៏ធំ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កា កាប ខណ្ឌពោធិ៍សែនជ័យ។
នៅលើក្លោងទ្វារសហគ្រាស ត្រូវបានដាក់សញ្ញាសម្គាល់សហគ្រាសផលិតនំស្រួយលី លី ពេលឃើញស្លាកសញ្ញានេះភ្លាម គេក៏បាននឹកភ្នកទៅដល់នំស្រួលីលី ដែលកំពុងចរាចរណ៍ពាសពេញទីផ្សារនៅ ក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានកានិយមគាំទ្រពីសំណាក់ពលរដ្ឋកម្ពុជា ជាពិសេសកុមារតូចៗតែម្តង។
ពលរដ្ឋកម្ពុជា ជាច្រើនប្រហែលជាបានស្គាល់ច្បាស់ពីផលិតផលនំស្រួយលីលី តែពលរដ្ឋកម្ពុជា ប្រហែលជាមិន ច្រើនទេ ដែលបានស្គាល់អ្នកគ្រប់គ្រងសហគ្រាសផលិតនំដ៏ល្បីមួយនេះ ហើយពួកគេក៏ប្រហែលជាកំពុងតែគិតផង ដែរថា អ្នកដែលគ្រប់គ្រងសហគ្រាសដ៏ធំ និងប្រកបដោយភាពជោគជ័យនេះថា ជាបុរសណាម្នាក់ពេញដោយ សមត្ថភាព និងបរិបូរណ៍ដោយធនធានហើយមើលទៅ!។
វាជាការគួរឲ្យកោតសរសើរ និងគោរពស្ងប់ស្ងែងក្នុងនាមជាពលរដ្ឋកម្ពុជា កាន់តែពិសេសទៀតនោះ សម្រាប់ស្ត្រី កម្ពុជា ព្រោះថា ម្ចាស់សហគ្រាសដ៏ធំ កំពុងផលិតនំចែកចាយលើទីផ្សារនៅកម្ពុជា និងក្រៅប្រទេសផងនោះ គឺជា ស្ត្រីខ្មែរមួយរូប ដែលទទួលបានការសិក្សាត្រឹមកម្រិតឌីប្លូមប៉ុណ្ណោះ តែគំនិតបញ្ញាស្មារតី និងសមត្ថភាពពិតជាមិន ចាញ់បុរសនោះឡើយ។
ភាពជោគជ័យរបស់ស្ត្រីរូបនេះ បានទម្លុះជម្រុះចោលនូវពាក្យទំនាមខ្មែរបុរាណ ដែលតែង តែបន្ទោសបង្អាប់លើសមត្ថភាពស្ត្រីខ្មែរថា «វិលចង្ក្រានមិនជុំ ឬពាក្យមានកូនស្រី ដូចមានប្រហុកមួយពាងនៅមុខ ផ្ទះ» ជាដើម។
អ្នកស្រី កែវ មុំ បានក្លាយជាសហគ្រិនស្ត្រីជោគជ័យវ័យក្មេងមួយរូបនៅកម្ពុជា បន្ទាប់ពីអ្នកស្រី បានព្យាយាមតស៊ូ ពុះពារតាំងចិត្តដោយមុះមុត ធ្វើឲ្យសហគ្រាសនំស្រួយលីលី ដែលបើកដំណើរការនៅឆ្នាំ២០០២ ទទួលបានជោគ ជ័យជាបន្តបន្ទាប់លើចង្វាក់ផលិតកម្មផលិតនំស្រួយ ដោយផលិតនំបានរហូត ដល់ជាង ២០ប្រភេទ និងជាង ១០ រសជាតិ ហើយទទួលបានការនិយមគាំទ្រយ៉ាងផុលផុសពីពលរដ្ឋកម្ពុជា ជាពិសេសកុមារកម្ពុជា។
ក្នុងវ័យ ៣៩ឆ្នាំ សម្បុរស ទំនងជាកូនកាត់ចិន អ្នកស្រី កែវ មុំ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ដើមឡើយអ្នកស្រីគ្រាន់តែជាបុគ្គលិកផ្នែកលក់ឲ្យក្រុមហ៊ុនទូទៅ និងជាអ្នកលក់ដូរបន្តិចបន្តួចនៅក្នុងផ្ទះប៉ុណ្ណោះ តែ គំនិតបញ្ញាស្មារតីរបស់អ្នកស្រីលើការកស៊ី បានប្រែប្រួលបន្ទាប់ពីទទួលបានពាក្យទូន្មានមួយឃ្លាពីអ្នកជំនួញជន ជាតិសិង្ហបុរី ស្របពេលនឹងឱកាសគាប់ប្រសើរ នៃការរកស៊ីនៅកម្ពុជា បានចូលមកដល់។
ពីក្នុងបន្ទប់ ដ៏ធំមួយក្នុងគេហដ្ឋាន និងជាទីតាំងក្រុមហ៊ុនផងនោះ អ្នកស្រី កែវ មុំ បានបញ្ជាក់ថា «ថ្ងៃមួយមានអ្នក ជំនូញជនជាតិសិង្ហបុរី គាត់បាននិយាយឲ្យថា ហ្អែងលក់ដូរអីចឹងអត់រីកចម្រើននោះទេ គួររកអ្វីផ្តាច់មុខ ដោយខ្លួន ឯងទៅ បានវារីកចម្រើនលឿន»។
ពាក្យគន្លឹះមួយឃ្លារបស់អ្នកជំនួញសិង្ហបុរី គួបផ្សំនឹងការដក់ជាប់ផ្នត់គំនិតពីកុមារភាពជាកូនស្រីអាជីវករ ធ្លាប់តែ ជួយលក់ដូរឪពុកម្តាយផង ព្រមទាំងមើលឃើញប្រទេសកម្ពុជា ជាប្រទេសសម្បូរវត្ថុធាតុដើមសម្រាប់ផលិតនំ អាច នាំឲ្យមានការចំណេញជាងការនាំផលិតផលមកពីក្រៅប្រទេសផង អ្នកស្រី កែវ មុំ ក៏ចាប់ផ្តើមបង្កើតសហគ្រាសផ លិតនំស្រួយលីលីឡើងនៅខែឧសភា ឆ្នាំ២០០២ ដែលកាលនោះដំណើរការត្រឹមជាលក្ខណៈគ្រួសារប៉ុណ្ណោះ។
ក្នុងវ័យទើប ២៧ឆ្នាំ ក្លាយជាអ្នកទទួលបន្ទុក និងគ្រប់គ្រងលើអាជីវកម្ម ដែលទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ នោះ អ្នកស្រី កែវ មុំ បានបញ្ជាក់ថា អ្នកស្រីត្រូវប្រឈម និងឆ្លងកាត់នូវឧបស័គ្គ ការលំបាក ឈឺក្បាលស្អំទឹកកក ស្ទើររាល់យប់។
កាន់តែពិបាកទៅទៀតនោះ ក្នុងនាមជាអ្នកជំនួញស្ត្រី ពិបាកសាងភាពជឿទុកចិត្តជាមួយដៃគូពា ណិជ្ជកម្ម ហើយពេលខ្វះដើមទុនទៅរកខ្ចីធនាគារ ក៏គេមិនឲ្យដែរ ព្រោះគេមិនទុកចិត្ត ខ្លាចគ្មានសមត្ថភាពសង ប្រាក់ទៅវិញ។
អង្គុយលើកៅអីសាឡុងជ័រ ពណ៌ខ្មៅ ពីមុខ
អមទៅដោយនំលីលី និងកុំព្យូមួយគ្រឿង លើតុធ្វើពីឈើរឹងមាំ អ្នកស្រី អគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលី បានរៀបរាប់ពីគ្រាលំបាកថា «យើងជួបការលំបាកខ្លាំងណាស់ ទី១. មិនមានចំណេះដឹងក្នុងការផលិតនំ ទី២. គ្មានចំណេះដឹងក្នុងការគ្រប់គ្រង ហើយខ្វះថវិកាថែមទៀត»។
«គេឃើញ យើងជាស្ត្រី យើងខ្វះទុនចង់ទៅខ្ចីលុយពីធនាគារ គេមិនឲ្យយើងទេ ប្រហែលជាគេគិតថា យើងគ្មានលទ្ធភាពក្នុង ការគ្រប់គ្រងអាជីវកម្ម និងប្រាក់សងគេវិញ។
ហើយពេលយើងទៅទិញទំនិញជាវត្ថុធាតុដើមពីដៃគូជំនួញ គេប្រើ កាយវិការមិនទុកចិត្ត និងមើលស្រាលឃើញយើងជាស្ត្រី តែយើងចេះតែព្យាយាមសាងទំនុកចិត្តឲ្យគេទៅវិញ»។
ទោះបីខ្លួនជាស្ត្រី គ្រប់គ្រងលើអាជីវកម្មមួយដ៏ធំក្តី ស្ត្រីខ្មែរ កែវ មុំ មិនរាថយនឹងឧបស័គ្គ ហើយមានសមត្ថភាពមិន ចាញ់បុរសឡើយ អ្នកស្រីបានតស៊ូដឹកនាំជំនួញរបស់អ្នកស្រីរីកចម្រើនជាលំដាប់។ អ្នកស្រីបញ្ជាក់ថា ពេលខ្លះអ្នក ស្រីពិតជាមានមោទនភាព និងរំភើបខ្លាំង ពេលចូលរួមលើកពានរង្វាន់ និងចូលរួមវេទិកាអ្វីមួយ ដែលមើលទៅមាន តែអ្នកស្រីម្នាក់ប៉ុណ្ណោះ ជាស្ត្រី។
បន្ទាប់ពីការឆ្លងកាត់ពុះពារផលលំបាក និងឧស័គ្គដ៏សែនស្អេកស្កះរហូតមកដល់ឆ្នាំ២០១៤ រយៈពេល ១២ឆ្នាំ កន្លងទៅ សហគ្រាសផលិតនំស្រួយលីលី របស់អ្នកស្រីបានរីកចម្រើនឥតឈប់ឈរ ហើយទទួលបានពានរង្វាន់ សហគ្រិនជោគជ័យវ័យក្មេង និងពានរង្វាន់ទទួលស្គាល់អនាម័យ គុណភាពជាច្រើនផ្សេងទៀតផងដែរ។
រហូតដល់ ឆ្នាំ២០១៤នេះ សហគ្រាសនំស្រួយលីលី មិនត្រឹមតែផលិតនំចែកចាយលើទីផ្សារក្នុងប្រទេសកម្ពុជានោះទេ ខ្លួន បាននឹងកំពុងពង្រីកវិសាលភាពនាំទៅចែកចាយលើទីផ្សារប្រទេសមីយ៉ាន់ម៉ា និងប្រទេសអាម៉េរិកថែមទៀត។
ភាពជោគជ័យទាំងអស់នេះ ត្រូវបានអ្នកស្រី កែវ មុំ បរិយាយពីបទពិសោធន៍ដោយឥតលាក់លៀមសម្រាប់អ្នកជំនួ ញវ័យក្មេងជំនាន់ក្រោយរបស់កម្ពុជាថា «យើងប្រឹងប្រែងព្យាយាម និងមានជំនឿចិត្តលើខ្លួនឯង ជាមួយនឹងការ ហ៊ានប្រថុយប្រថាន ដោយការប្រុងប្រយ័ត្នខ្ពស់ គ្រប់ដំណាក់កាល។ បុគ្គលិកធ្វើខុសមិនត្រូវស្តីបន្ទោស មានតែ លើកចិត្តឲ្យខិតខំធ្វើការទៀត»។
អ្នកស្រីបន្តលើកយកនូវបទពិសោធន៍មកបញ្ជាក់បន្ត «យើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា មិនមែនជោគជ័យ ហើយធ្វេសប្រហេសនោះទេ ជោគជ័យកាន់តែខ្លាំង ប្រុងប្រយ័ត្នកាន់តែខ្លាំង ហើយត្រៀមខ្លួនជានិច្ចប្រឈរមុខជា មួយឧបស័គ្គ ហើយត្រូវតែក្រោកឈរហ៊ានពុះពារនៅក្នុងសង្គម»។
អាជីវកម្មផលិតនំស្រួយលីលីទទួលបានជោគជ័យបែបនេះ អ្នកស្រី កែវ មុំ ក៏មិនភ្លេចផងដែរ ជាមួយការពង្រឹងនូវ អនាម័យ និងគុណភាពនំ ដែលជាកត្តាដ៏ចាំបាច់សម្រាប់អតិថិជន ហើយក៏ត្រូវតែផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយ ដែលមិនអាចខ្វះបាន។
អ្នកស្រី កែវ មុំ ជាកូនអ្នកខេត្តតាកែវ។ នៅក្នុងរបប ប៉ុល ពត ឪពុក-ម្តាយ របស់អ្នកស្រីត្រូវបានជម្លៀសទៅកាន់ ខេត្តកំពង់ស្ពឺ ដែលជាទីកំណើតរបស់អ្នកស្រី នាខែកញ្ញា ឆ្នាំ១៩៧៥។ ជាទារិកាក្នុងរបបអាវខ្មៅ កែវ មុំ មិនមាន ឱកាសទទួលបានការបីបមថ្នមថ្នាក់ឲ្យដិតដល់ពីអ្នកម្តាយ ដូចកូនប្រជាពលរដ្ឋដទៃទៀតដែរ។
តែទារិកា កែវ មុំ មានសំណាងជាងទារក និងទារិកា ដទៃបន្តិចត្រង់ថា ទារិការូបនេះ ទទួលបានការបីបមពីជូនរបស់ខ្លួន ដែលខ្មែរ ក្រហមចាត់តាំងឲ្យមើលថែក្មេងៗនោះ។
ជាមួយទឹកមុខរៀងស្រពោនបន្តិច គ្រានឹកដល់គ្រាលំបាកពីកុមារភាព អ្នកស្រី កែវ មុំ បានឲ្យដឹងថា ក្រោយថ្ងៃ រំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រុមគ្រួសារអ្នកស្រី មិនបានត្រឡប់ទៅខេត្តតាកែវវិញនោះទេ គឺបានចាប់របររកស៊ី ចិញ្ចឹមជីវិតទាំងត្រដាប់ត្រដួស ដូចគ្រួសារពលរដ្ឋខ្មែរដទៃទៀត នៅក្នុងរាជធានីភ្នំពេញ។
កុមារី កែវ មុំ បានចាប់ផ្តើមការសិក្សានៅអំឡុងទស្សវត្សរ៍ឆ្នាំ ៨០ នៅសាលាបឋមសិក្សាវត្តកោះ តែដោយសារ ស្ថានភាពគ្រួសារជាអ្នកលក់ដូរ មានម្តាយរៀងចំណាស់បន្តិចទៅហើយនោះ ក្នុងនាមជាកូនស្រីទី៣ ចំណោមបង ប្អូន ៧នាក់ (ស្រី៥ ប្រុស២) កុមារី កែវ មុំ បានបង្ខំចិត្តបញ្ចប់ការសិក្សាត្រឹមឌីប្លូម ងាកមកជួយលក់ដូរសម្រាលការ លំបាករបស់ម្តាយ។
បើតាមអ្នកស្រី កែវ មុំ ជីវិតកុមារភាពរបស់អ្នកស្រី មិនសូវជាមានភាពជូរចត់ខ្លាំងទេ គ្រាន់តែគ្មានវាសនាឈោង ចាប់ការសិក្សាឲ្យបានខ្ពស់តែប៉ុណ្ណោះ។ ប៉ុន្តែកុមារភាព របស់ កែវ មុំ ធ្លាប់បាននឹកគិតចង់រកលុយឲ្យបានច្រើនខុស ពីកុមារីដទៃ ព្រោះតែពេលនោះ កុមារីម្នាក់នេះ មិនមានលុយកាក់ទិញរបស់របរនំចំណីចឲ្យបានគ្រប់គ្រាន់តាមចិត្ត ចង់របស់ខ្លួន។
បច្ចុប្បន្នអ្នកស្រី កែវ មុំ មានកូន ៣នាក់ ប្រុស២នាក់ ស្រីម្នាក់ នៃចំណងដៃអាពាហ៍ពិពាហ៍ជាមួយស្វាមី នាឆ្នាំ១៩ ៩៣។
ក្រៅពីការគ្រប់គ្រងអាជីវកម្មទទួលបានជោគជ័យ ជីវិតគ្រួសារ ក៏ត្រូវបានអ្នកស្រី កែវ មុំ ព្យាយាមគ្រប់គ្រង បានយ៉ាងល្អប្រសើរផងដែរ ទោះបីវាមានការពិបាកក៏ដោយនោះ។ បច្ចុប្បន្នកូនៗ របស់អ្នកស្រីបានប្រកបដោយ គន្លងធម៌ ហើយបាននិងកំពុងសិក្សានៅប្រទេសកាណាដាថែមទៀតផង។
អ្នកស្រី កែវ មុំ បានរៀបរាប់ជាមួយទឹកមុខបង្កប់ដោយសុភមង្គលថា ការគ្រប់គ្រងក្រុមហ៊ុនផង ហើយត្រូវឈ្លៀត ពេលមកមើលថែទាំក្រុមគ្រួសារ និងកូនៗថែមទៀត ពិតជាលំបាកខ្លាំងណាស់ តែអ្នកស្រីបានព្យាយាមពុះពារធ្វើជា ភរិយា និងម្តាយដ៏ល្អម្នាក់ ដោយមានការបែងចែកតារាងពេលវេលាមួយច្បាស់លាស់។
ទោះបីឆាកជីវិតរបស់អ្នកស្រី ហាក់បាននិងទទួលជោគជ័យទាំងលើវិថីជំនួញ និងវិថីជីវិត តែអ្នកស្រី កែវ មុំ បាន អះអាងថា អ្នកស្រីនៅតែមានការប្រុងប្រយ័ត្នគ្រប់ជំហានលើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ហើយអ្នកស្រី ក៏មិន មានបំណងបង្កើតអាជីវកម្មផ្សេងទៀតនោះឡើយ ព្រោះក្លាយបរាជ័យ។
សម្រាប់សហគ្រាសផលិតនំស្រួយលីលីនេះ ដោយអនុលោមតាមការលើកទឹកចិត្ត និងគោលនយោរបស់រាជរដ្ឋាភិ បាលជំរុញឲ្យបង្កើនចង្វាក់ផលិតកម្ម និងបង្កើនផលិតផលក្នុងស្រុក សម្រាប់ត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារអា ស៊ាន ពេលធ្វើសមាហរណកម្មនាឆ្នាំ២០១៥ខាងមុខនោះ បានត្រៀមខ្លួនរួចរាល់ហើយបង្កើនចង្វាក់ផលិតកម្ម។
អ្នកស្រី កែវ មុំ គ្រាដែលនំស្រួយសុខភាពលីលី ជាច្រើនកុងតឺន័រ បាននិងកំពុងបញ្ជូនតាមសមុទ្រ ទៅកាន់ទីផ្សារ មហាអំណាចអាម៉េរិកនោះ បានប្តេជ្ញាចិត្តថា ខ្លួននឹងខិតខំពង្រីកចង្វាក់ផលិតកម្ម ឲ្យកាន់តែធំថែមទៀត សម្រាប់ ប្រកួតប្រជែងទីផ្សារក្នុងស្រុក ជាពិសេសទីផ្សារក្រៅស្រុក។
អ្នកស្រីរំពឹងថា សហគ្រាសផលិតនំស្រួយលីលីនឹងចូល រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា កិត្តិនាមកម្ពុជា និងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា បានកាន់តែច្រើន ថែមទៀត។
ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា អ្នកស្រី កែវ មុំ ក៏បានផ្ញើសារជាកម្លាំងចិត្តដល់ស្ត្រីខ្មែរទាំងអស់ ត្រូវហ៊ាន ពុះពារអភិវឌ្ឍន៍ខ្លួនឯងនៅក្នុងសង្គម មិនត្រូវទន់ជ្រាយតាមការរិះគន់នោះឡើយ។ អ្នកស្រី បានថ្លែងជំរុញឲ្យបុរស ជាស្វាមី ជាឪពុក ត្រូវតែគាំទ្រ និងផ្តល់ជាកម្លាំងចិត្តដល់ភរិយា និងកូនស្រីរបស់ខ្លួន ឲ្យសម្រេចនូវកិច្ចការ ដែលជា គោលបំណងរបស់ពួកគេ។
អ្នកស្រីបានថ្លែងថា «ស្ត្រីទាំងឡាយតាំងចិត្ត និងមានជំនឿចិត្តដោយទទួលខុសត្រូវ។ កុំទន់ជ្រាយតាមការរិះគន់ ស្គាល់ខ្លួនឯងឲ្យច្បាស់កំពុងធ្វើអ្វី ហើយចង់បានអី កុំខ្វល់ការនិន្ទាពីអ្នកដទៃ ឲ្យតែយើងយល់ថា គប្បីសម្បជញ្ញៈ ខ្លួនឯង»៕

អ្នកស្រី កែវ មុំ ថតរូបជាមួយកូនៗ ទាំង ៣នាក់

Blogger Comment
Facebook Comment