
នេះបើតាមការចុះផ្សាយនៅលើទំព័រសារព័ត៌មានChannel NewsAsia កាលពីថ្ងៃសៅរ៍។ លោក ធើរ៉ាពុង រ៉ូតប្រាសិទ្ធ អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងដឹកជញ្ជូន និងការពារសុវត្ថិភាពចរាចរណ៍ផ្លូវគោកថៃ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ថា ចំនួនសរុប នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅទូទាំងប្រទេស កាលពីថ្ងៃសុក្រ មានចំនួន ៣៧៩ ករណី ដែលចំនួននេះ មានការកើនឡើងប្រមាណ៥៣ករណី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យមនុស្ស៣៩ នាក់ស្លាប់ និងរបួស ៤០២នាក់ ចំនួននេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺអ្នកស្លាប់មានចំនួនស្មើរគ្នា ដោយឡែកអ្នករងរបួស មានការកើនឡើងប្រមាណ៦០នាក់ដោយកាលពីឆ្នាំ២០១៣ មានត្រឹមតែ ៣៤២នាក់ប៉ុណ្ណោះ។ លោក ធើរ៉ាពុង បានបន្ថែមថា ជាង៣០ ភាគរយនៃ គ្រោះថ្នាក់ចរាចរណ៍ នេះ បង្កឡើងដោយសារតែ អ្នកបើកបរ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការបើកបរហួសល្បឿនកំណត់ មានប្រមាណជាង២១ភាគរយ។
ដោយឡែក ភាគច្រើន នៃគ្រោះថ្នាក់ទាំងនេះ បង្កឡើយដោយ ម៉ូតូ។ គួរបញ្ជាក់ថា ជាចុងក្រោយ មន្ត្រីផ្នែកសុវត្ថិភាពចរាចរណ៍ថៃរូបនេះ បានជម្រុញឱ្យ មន្ត្រី ពាក់ព័ន្ធ នៅគ្រប់ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ នៅកន្លែងឆែកឆេរ ពង្រឹងច្បាប់ចរាចរ ឲ្យបានតឹងរឹង ដើម្បីជួយ កាត់បន្ថយ ការស្លាប់ និងរបួស ពី គ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេល នៃពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រជាជនថៃនេះ៕
__________________________
ប្រភពព័ត៌មាន៖ VOD (ដោយៈសៅ វិសាល)
Blogger Comment
Facebook Comment