រឿងនិទានទាក់ទងនឹង​ប្រវត្តិនៃពិធី​ចូល​ឆ្នាំ​ខ្មែរ​

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​មាន សេដ្ឋី​ម្នាក់ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នកមាន​ចំណេះវិជ្ជា​ដ៏​វិសេស បាន​រៀន​ចេះ​ចប់​គម្ពីរ​ត្រី​វេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាង​ប្រាសាទ​ឲ្យ ធម្មបាល​កុមារ នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរទន្លេ ដែលជា​ទីស្នាក់អាស្រ័យ នៃ​បក្សី​ទាំងឡាយ ។

ធម្មបាល​កុមារ ចេះ​ទាំង​ភាសា​បក្សី ទាំងពួង​ផង ព្រមទាំង​អាចធ្វើ​ជា​អាចារ្យ​សម្ដែង​មង្គលផ្សេងៗ ដល់​មនុស្ស​ទាំងពួង​ផង។ គ្រានោះ មនុស្សលោក​រមែង​រាប់អាន​មហាព្រហ្ម និង កបិល​មហាព្រហ្ម ១ អង្គ​ទៀត​ដែលជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង ។ ពេលនោះ កបិល​មហាព្រហ្ម បាន​ជ្រាប​ព័​ត៌‌​មាន​ក៏​ចុះមក​សួរ​បញ្ហា នឹង​ធម្មបាល​កុមារ ចំនួន ៣ ប្រស្នា ដោយ​សន្យាថា ប្រសិនបើ ធម្មបាល​កុមារ អាច​ដោះប្រស្នា​បាន កបិល​មហាព្រហ្ម នឹង​កាត់​ព្រះ​សិរសា​ទ្រង់​ដើម្បី បូជា​ចំពោះ​ធម្មបាល​កុមារ ប៉ុន្តែ​ប្រសិនបើ ធម្មបាល​កុមារ​មិនអាច​ដោះស្រាយ​ប្រស្នា​នោះ​រួច កបិល​មហាព្រហ្ម​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។

ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារពេល​ចំនួន ៧ ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា។ លុះ​កន្លងទៅ ៦ ថ្ងៃ​ហើយក៏​ធម្មបាល​កុមារ​នៅតែ​គិត​មិនឃើញ និង​ដឹងខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ ។ ដូច្នេះ គួរតែ​រត់ ទៅ​លាក់ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួនឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយគូ។

នៅលើ​ដើមត្នោត​នោះ មាន​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលាយប់ សត្វ​ឥន្ទ្រី​ញី​សួរ​សត្វ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន​អាហារ​អ្វី​ធ្វើជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះប្រស្នា​មិន​រួច ។

ឥន្ទ្រី​ញី​សួរថា ប្រស្នា​នោះ​ដូចម្ដេច ? ឥន្ទ្រី​ឈ្មោល​ឆ្លើយថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិតនៅ​ត្រង់ណា ? ត្រូវ​ឆ្លើយថា នៅលើ​ផ្ទៃមុខ ។ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ ។ ប្រស្នា​ទី ២ ចោទថា ថ្ងៃត្រង់​សិរី​ស្ថិតនៅ​ត្រង់ណា ? ត្រូវ​ឆ្លើយថា នៅលើ​ទ្រូង ។ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវយក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទថា វេលា​ល្ងាច​សិរី​ស្ថិតនៅ​ត្រង់ណា ? ត្រូវ​ឆ្លើយថា នៅ​នឹង​ជើង ។ ហេតុ​នោះ ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លាង​ជើង ។

ធម្មបាល​កុមារ​បានឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។ លុះ​ព្រឹក​ឡើង កបិល​មហាព្រហ្ម ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ ។ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បានឮ​មក ។ កបិល​មហាព្រហ្ម ក៏​ទទួល​ថា​ពិតជា​ត្រឹមត្រូវ, ព្រម​ចុះចាញ់ និង សុខចិត្ត​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន ។ កបិល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧ អង្គ ដែលជា បាទ​បរិ​ចា​វិកា ព្រះឥន្ទ្រ មក​ប្រាប់ថា ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរសា​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ បើ​បោះ​ទៅលើ​អាកាស នឹង​នាំ​ឲ្យ​រាំងភ្លៀង បើ​ចោល​ក្នុង​មហាសមុទ្រ​នោះ​ទឹកនឹង​រីងស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧ អង្គ យកពាន​មក​ទទួល​ព្រះ​សិរសា​បិតា ។

ពោល​រួច ព្រះអង្គ​ក៏​កាត់​ព្រះ​សិរសា​ហុច​ទៅ​ឲ្យ​ព្រះ​នាង ទុ​ង្ស ជា​កូនច្បង ។ ព្រះ​នាង ទុ​ង្ស ក៏បាន​យកពាន​មក​ទទួល​ព្រះ​សិរសា​បិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០ នាទី​ទើប​យាង​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​ម​ណ្ឌ​លេះ​នៅក្នុង​គុហា​គន្ធ​មាលី នា​ភ្នំ​កៃលាស និង​បូជា​គ្រឿង​ទិព្វផ្សេងៗ ។ ព្រះ​វិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧ ប្រការ ឈ្មោះថា "ភគវតី​សភា​សាលា" ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា ។

លុះដល់​គម្រប់ ១ឆ្នាំ​ជា សង្ក្រាន្ត​ នាង​ទេពធីតា​ទាំង ៧ អង្គ ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ព្រះ​សិរសា​កបិល​មហាព្រហ្ម ចេញមក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជារៀងរាល់ៗឆ្នាំ រួចហើយ​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ។

ទេព​ធីតា​ទាំង៧អង្គ​រួមមាន៖
១. ថ្ងៃអាទិត្យ ទ​ង្សា​ទេវី (ពណ៌ ក្រហម)
២.ថ្ងៃ​ច័ន្ទ គោ​រាគៈ​ទេវី (ពណ៌ លឿងទុំ)
៣.ថ្ងៃ​អង្គារ រា​ក្យ​សារ​ទេវី (ពណ៌ ស្វាយ)
៤.ថ្ងៃ​ពុធ ម​ណ្ឌា​ទេវី (ពណ៌ ស៊ី​លាប)
៥.ថ្ងៃ​ព្រហស្បតិ៍ កិ​រិ​ណី​ទេវី (ពណ៌ បៃតង)
៦.ថ្ងៃ​សុក្រ កិ​មិ​រា​ទេវី (ពណ៌ ខៀវ)
៧.ថ្ងៃ​សៅរ៍ ម​ហោ​ទរា​ទេវី (ពណ៌ ព្រីង​ទុំ)
ប្រភព ថ្មីៗ
Share on Google Plus
    Blogger Comment
    Facebook Comment