រថយន្ត​ដឹក​អង្ករ​ធ្ងន់​ពេក​ប្រាស​ដេក​លើ​ផ្លូវ​ដោយសារ​តែ​ផ្ទុះ​កង់​ក្រោយ​ទាំង​២

ប្រភព៖ កម្ពុជាថ្មី
​កំពង់ឆ្នាំង​ ៖ ​រថយន្ត​មួយ​គ្រឿង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​បះជើង​ឡើង​លើ​មិន​ខ្ចី​ខ្មាស​គេ​ព្រោះតែ​ផ្ទុះ​កង់​ក្រោយ​ទាំង​២​ដោយសារ​តែ​ដឹក​អង្ករ​លើស​ទម្ងន់​។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​១០​នាទី​យប់​ថ្ងៃទី​១៨ ​ខែ​មេសា ​ឆ្នាំ​២០១៤ ​លើ​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​ស្នោ ​ឃុំ​ពពេល ​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំង​។​

​​​សមត្ថកិច្ច​មូលដ្ឋាន​បាន​អោយ​ដឹង​ថា ​រថយន្ត​រងគ្រោះ​ខាង​លើ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A​-​1392 អ្នក​បើកបរ​មិន​បាន​ប្រាប់​អោយ​ដឹង​ពី​អត្តសញ្ញាណ​ឡើយ ​គេ​ដឹក​អង្ករ​ហៀរ​ទ្រុង​ពី​បាត់ដំបង​ទៅ​ភ្នំពេញ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ផ្ទុះ​កង់​ក្រោយ​ទាំង​២​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​ក្រឡាប់​បះជើង​ឡើង​លើ​ចាក់​អង្ករ​ចោល​ពេញ​ដី​។​ 

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​អោយ​អ្នក​បើកបរ ​និង​ព្រូ​រថយន្ត​រង​របួស​ស្រាល​។​ សមត្ថកិច្ច​បាន​អោយ​ដឹង​ទៀត​ថា ​មូល​ហេតុ​ដែល​បណ្តាល​អោយ​រថយន្ត​ខាង​លើ​នេះ​ក្រឡាប់​ដោយ​សារ​តែ​គេ​ផ្ទុក​អង្ករ​លើស​ចំណុះ ​និង​កង់​រថយន្ត​អន់​ផង​នោះ​ធ្វើ​អោយ​កង់​រថយន្ត​មិន​អាច​ទ្រាំទ្រ​នឹង​ទម្ងន់​ដ៏​ធ្ងន់​បាន​ក៏​ផ្ទុះ​កង់​ក្រោយ​ទាំង​២​តែ​ម្តង​។​

​​​ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​រថយន្ត​បាន​ជួល​រថយន្ត​មក​ស្ទូច ​និង​ដឹក​យក​អង្ករ​ទៅ​កាន់​គោលដៅ​របស់​គេ​បន្ត​ទៀត​។ ​ករណី​នេះ​ជា​មេរៀន​មួយ​សំរាប់​អ្នកបើកបរ​ដឹកទំនិញ​ទាំងឡាយ​គួរ​តែ​ផ្ទុកទំនិញ​អោយ​បាន​ត្រឹមត្រូវ​តាម​ចំណុះ​របស់​រថយន្ត ​និង​ក៏​ត្រូវ​ត្រួតពិនិត្យ​កង់​រថយន្ត​ទាំងអស់​របស់​រថយន្ត​ផង​ដែរ​ដើម្បី​កុំ​អោយ​មាន​គ្រោះថ្នាក់​ស្តាយក្រោយ​ដូច​ករណី​ខាង​លើ ​ម្យ៉ាង​ទៀត​ក៏​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ផង​ដែរ​បើ​អ្នក​បើកបរ​និង​ម្ចាស់​រថយន្ត​មិនបាន​យក​ចិត្ត​ទុក​ដាក់​៕​

rith-19-04-14-bb

rith-19-04-14-bbb
Share on Google Plus
    Blogger Comment
    Facebook Comment