មណ្ឌលគិរី ៖ លោក កប ធន់ មេប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំមេម៉ង់ ស្រុកកែវសីម៉ា បានបាញ់រះ២គ្រាប់ កណ្តាលរាត្រី នៅយប់ថ្ងៃបុណ្យចូលឆ្នាំថ្មី បណ្តាលឲ្យយុវជន រងរបួសចំប្រអប់ជើង រីឯប្រជាពលរដ្ឋវិញ ផ្អើលរត់ជាន់ជើងគ្នា ។
ការបាញ់បោះនេះ មិនត្រូវបានប្រជាពលរដ្ឋ ក្នុងភូមិរាយការណ៍លំអិតនោះទេ ហើយក៏គ្មានសមត្ថកិច្ច ជំនាញណា ចុះស្រាវជ្រាវរកខុសត្រូវ និងយុត្តិធម៌ជូនជនរងគ្រោះនោះដែរ ។ ជនរងគ្រោះដោយសារគ្រាប់ កាំភ្លើងលោកមេប៉ុស្តិ៍ កប ធន់ នៅយប់បុណ្យចូលឆ្នាំថ្មីនោះ មានឈ្មោះ ផេន ចាន់ណន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅក្នុងភូមិទួលមេម៉ង់ ឃុំ មេម៉ង់ ស្រុកកែវសីម៉ា។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវ បានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុ មានពិធីបុណ្យអបអរចូលឆ្នាំថ្មី នៅវត្ត ស្ថិតក្នុងឃុំមេម៉ង់។ ប៉ុន្តែគេមិនដឹងថា មានមូលហេតុអ្វី ស្រាប់តែលោកមេប៉ុស្តិ៍ កប់ ធន់ បានបាញ់ ២គ្រាប់ កណ្តាលរោងបុណ្យ ធ្វើឲ្យផ្អើលអស់ប្រជាពលរដ្ឋ កំពុងនាំគ្នាចូលរួមលេងកម្សាន្ត ។ មិនតែប៉ុណ្ណោះ គ្រាប់ កាំភ្លើង បានធ្វើឲ្យយុវជនម្នាក់ រងរបួសថែមទៀត តែគ្មានអ្នកចេញមករកខុសត្រូវជូនជនរងគ្រោះឡើយ។ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤នេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យ បង្អែក រីឯលោកមេប៉ុស្តិ៍ បង្កការបាញ់បោះនៅតែមានសេរីភាព ដោយគ្មានការទូទាត់សំណង ជូនជនរង គ្រោះនោះទេ ៕
Blogger Comment
Facebook Comment