ជន​សង្ស័យ​សម្លាប់​ស្រី្ត​ហូឡង់​ត្រូវ​ចោទ​ថែម បន្ទាប់​ពី​កូន​ស្រី​​ស្លាប់

ប្រភព៖⁣ Postkhmer
ភ្នំពេញៈ ជន​សង្ស័យ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ពី​បទ​ចាក់​សម្លាប់​បុគ្គលិក​ជន​ជាតិ ហូឡង់ ធ្វើ​ការ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ នឹង​ប្រឈម​បទ​ចោទ​ប្រកាន់​មនុស្ស​ឃាត​មួយ​ថែម​ទៀត បន្ទាប់​ពី​នគរបាល​ទទួល​សេចក្តី​ជូន​ដំណឹង​ផ្លូវ​ការ​ថា ជន​រងគ្រោះ ទី២ គឺ​ក្មេង​ស្រី​អាយុ ១៩​ខែ របស់​សព​ស្រ្តី​រងគ្រោះ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ​នោះ។

ស្ថានទូត ហូឡង់ នៅ ទីក្រុង​បាងកក ប្រទេស​ថៃ និង​មន្ទីរពេទ្យ Bangkok General បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ក្មេង​ស្រី Dana Beerdsen កូន​របស់​អ្នក​ស្រី Daphna Beersden បុគ្គលិក​អង្គការ UN-Habitat អាយុ ៣១​ឆ្នាំ បាន​ស្លាប់​នៅ​ឯ​មន្ទីរពេទ្យ កាល​ពី​យប់​ថ្ងៃ​ពុធ។ ក្មេង​ស្រី Dana ត្រូវ​បាន​វះកាត់​ជាច្រើន​លើក ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​រង​របួស​ក្បាល ក្នុង​អំឡុង​ពេល​វាយ​ប្រហារ។

លោក មុំ ស៊ីថា ប្រធាន​ការិយាល័យ​នគរបាល​អន្តោ​ប្រវេសន៍​រាជធានី​ភ្នំពេញ បាន​ថ្លែង​ពី​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​បុរស​ឈ្មោះ ជា ពិន អាយុ ៣៥​ឆ្នាំ ថា៖ «ពេល​យើង​ទទួល​បាន​របាយ​ការណ៍​ជា​ផ្លូវ​ការ​ពី​ការ​ស្លាប់​ក្មេង​ស្រី Dana យើង​នឹង​បន្ថែម​បទ​ចោទ​មនុស្ស​ឃាត​ប្រឆាំង​នឹង​ជន​សង្ស័យ។ កាលបរិច្ឆេទ​ចោទ​ប្រកាន់​លើក ទី២ របស់​តុលាការ​ពុំ​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ»។
ជន​សង្ស័យ ជា ពិន ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ចំពោះ​ការ​សម្លាប់​អ្នក​ស្រី Beersden ហើយ​កំពុង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ ព្រៃ​ស។

មន្ត្រី​នគរបាល​បាន​ប្រាប់​ថា លោក​ស្រី Beersden ត្រូវ​គេ​ឃើញ​ស្លាប់​ដោយ​សារ​ត្រូវ​គេ​ចាក់ ហើយ​ក្មេង​ស្រី Dana ត្រដរ​រស់​ជាមួយ​អាការ​របួស​ក្បាល​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ផ្ទះ​ជួល នៅ ខណ្ឌ​ចំការមន កាល​ពី​ថ្ងៃ ទី​២៨ ខែ​មេសា។ អ្នក​ស៊ើប​អង្កេត​សន្និដ្ឋាន​ថា អ្នក​ស្រី Beersden ត្រូវ​ចាក់​សម្លាប់ ដោយ​ដែក ទួរណឺវិស ហើយ​កូន​គាត់​រង​របួស​ក្បាល​ដោយ​សារ​រង​នឹង​វត្ថុ​រឹង។

នគរបាល​បន្ថែម​ថា ជា ពិន ចូល​ទៅ​ក្នុង​ផ្ទះ​គាត់​ហើយ​ព្យាយាម​លួច​កង់​តែ​ត្រូវ​គាត់​ស្រែក​រក​ជំនួយ ពេល​នោះ​ជា ពិន បាន​ចាក់​គាត់ ៦ ទួរណឺវិស និង​វាយ​ក្បាល​កូន​ស្រី​គាត់។
ក្មេង​ស្រី Dana បាន​ជញ្ជូន​តាម​យន្តហោះ​ទៅ​មន្ទីរពេទ្យ Bangkok General ហើយ​បាន​ទទួល​ការ​វះកាត់​ជាច្រើន​លើក​រហូត ៩ ថ្ងៃ​ក្រោយ​មក​ទើប​នាង​បាន​ស្លាប់។
តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ដឹង​ថា លោក Joris Oele ទីប្រឹក្សា​អន្តរជាតិ​នៅ​អង្គការ UN-Habitat ជា​ឪពុក​ក្មេង​ស្រី​និង​ដៃគូ​របស់​អ្នក​ស្រី Beerdsen បាន​អម​ដំណើរ​កូន​តាម​យន្តហោះ​និង​រង់ចាំ​នៅ​មន្ទីរពេទ្យ។

យោង​តាម​អ៊ីមែល​ដែល​ផ្ញើ​មក​ឲ្យ​សមាជិក Chabad Jewish Center នៅ ខណ្ឌ​ដូនពេញ ថា ក្មេង​ស្រី Dana បាន​ស្លាប់​នៅ​ម៉ោង ៩:៤៥ នាទី។ លោក Rabbi Bentzion Butman ប្រធាន​មជ្ឈមណ្ឌល​ឲ្យ​ដឹង​ថា អ្នក​ស្រី Beerdsen ជា​សមាជិក​សកម្ម​នៅ​ទី​នោះ ១ ឆ្នាំ​មក​ហើយ។
តាម​អ៊ីមែល ដែល​ផ្ញើ​ជូន​សមាជិក​ជិត ១០០ នាក់ ក្នុង​សហគមន៍​នេះ​ឲ្យ​ដឹង​ថា៖ «យើង​មាន​សេចក្តី​ទុក្ខ​សោក​យ៉ាង​ខ្លាំង​សូម​ជម្រាប​ថា កូន Dana ពុំ​រស់​រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដ៏​ព្រៃផ្សៃ​នេះ​ទេ»។
មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ស្លាប់​របស់​ក្មេង​ស្រី Dana នៅ​ពុំ​ទាន់​ច្បាស់​លាស់​ភ្លាមៗ​ទេ ខណៈ​បុគ្គលិក​នៅ​មន្ទីរពេទ្យ Bangkok General ប្រាប់​ថា គាត់​អាច​បញ្ជាក់​បាន​ត្រឹម​តែ​ការ​ស្លាប់​របស់​ក្មេង​នេះ​ទេ ខណៈ​បុគ្គលិកម​ន្ទីរពេទ្យ​ថា មូលហេតុ​គឺ​មក​ពី​គ្រួសារ​សុំ​រក្សា​សិទ្ធិ​ឯកជន៕ TK

ជន​សង្ស័យ​​ធ្វើ​ឃាតស្ត្រី​ហូឡង់និង​កូន​ស្រី ពេលនាំ​មក​តុលាការ​​​។ KOAM CHANRASMEY


Share on Google Plus
    Blogger Comment
    Facebook Comment