កែប ៖ ករណីអ្នកបួសជាសង្ឃបានលួចនែបនិត្យជាមួយស្រីពិតជាធ្លាប់កើតមានជារឿយៗដោយទង្វើដ៏លាមកនេះត្រូវបានសង្គមកំពុងថ្កោលទោស និងស្អប់ខ្ពើមជាទីបំផុត។ យ៉ាងណាមិញរឿងរ៉ាវលោកសង្ឃមួយអង្គព្រះនាម សេង ឧត្តម ព្រះជន្ម២១វស្សា គង់ក្នុងវត្តព្រៃតាកុយនៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបត្រូវជាប់ចោទក្នុងករណីលួងលោមកូនក្រមុំអ្នកស្រុករហូតក្លាយជាអ្នកទោសស្នេហា ព្រោះពេលនេះមានគេកំពុងប្តឹងពីរឿងលួចឆីនំអាកោរហូតធ្វើឲ្យកូនក្រមុំអ្នកភូមិអំពែងម្នាក់មានផ្ទៃពោះចំនួន៤ខែទៅហើយ។
តាមការឆ្លើយបំភ្លឺពុំមានអ្វីលាក់លៀមរបស់ស្រីក្រមុំម្នាក់ឈ្មោះ ហ.អ អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបបានបង្ហើបប្រាប់ថា កាលពីអំឡុងខែមករា ឆ្នាំ២០១៤ នាងនិងលោកសង្ឃព្រះនាម សេង ឧត្តម បានស្គាល់គ្នាតាមរយៈច្រឡំលេខទូរស័ព្ទ ហើយចាប់ពីពេលនោះមកក៏មានការទំនាក់ទំនងគ្នារហូតបានស្គាល់ចិត្តថ្លើមគ្នា ហើយនៅក្នុងខែមករាដដែលនោះលោកសង្ឃកំហូចនោះក៏បាននិមន្តមកដល់ផ្ទះនាងដោយខណៈនោះគាប់ជួនម្តាយឪពុកនាងជាប់រវល់ទៅធ្វើការនៅក្នុងអំបិល ទើបលោកសង្ឃអង្គនេះលួងលោមនាងរួមរក្សដោយសន្យាថានឹងសុំព្រះចៅអធិការផ្សឹករួចចូលស្តីដណ្តឹងរូបនាងរៀបការតាមប្រពៃណីរួមរស់ជាមួយគ្នាលុះគ្រាក្សិណក្ស័យទើបនាងព្រមប្រគល់ខ្លួនប្រាណឲ្យទៅលោកសង្ឃកំហូចនោះដោយគ្មានស្តាយស្រណោះបែបនេះ។
នាងក្រមុំរងគ្រោះបានឲ្យដឹងទៀតថា បន្ទាប់ពីបាននែបនិត្យខ្លួនប្រាណមកលោកសង្ឃ សេង ឧត្តម បែរជាក្បត់ពាក្យសន្យាដោយមិនបានសឹកដូចពាក្យនិយាយលួងលោមនោះឡើយ ថែមទាំងមិនព្រមទទួលខុសត្រូវនូវអ្វីដែលគេបានប្រព្រឹត្តឡើយ ហើយអំឡុងពេលថ្មីៗនេះឮថាញោមរបស់លោកសង្ឃ(ឪពុក ម្តាយ)ក៏មិនព្រមឲ្យលោកកូននោះសឹកដែរ ថែមទាំងបានជម្លៀសលោកសង្ឃអង្គនោះឲ្យទៅគង់នៅក្នុងវត្តចរិយាវង្ស ក្នុងសង្កាត់អូក្រសារ ក្រុងកែបវិញ ធ្វើបែបនេះហាក់ដូចជាចង់គេចវេះមិនទទួលស្គាល់ការពិត។
តាមការអះអាងពីម្តាយនារីអភ័ព្វខាងលើបានឲ្យដឹងស្រដៀងគ្នាថា ការទំនាក់ទំនងស្នេហារវាងកូនស្រីរបស់គាត់និងលោកសង្ឃរូបនោះកាលពីដំបូងគាត់មិនបានដឹងឡើយ លុះកូនស្រីរបស់គាត់មានអាការៈប្លែកគឺចេះតែក្អួតចង្អោរទើបគាត់ចេះតែឈ្លេចសួរដេញដោលកូនស្រីទើបធ្លាយរឿងកូនស្រីមានផ្ទៃពោះជាមួយលោកសង្ឃនោះតែម្តង ហើយក្រោយពីដឹងរឿងនេះគាត់ជាអាណាព្យាបាលបានព្យាយាមសុំជួបជាមួយលោកនេនកំហូចនោះដើម្បីឲ្យគេសឹកដើម្បីចូលស្តីដណ្តឹងកូនស្រីគាត់ធ្វើជាប្រពន្ធ ប៉ុន្តែសង្ឃកំហូចចេះតែកុហកភូតភរតែរហូត លុះចុងក្រោយបែរជាមិនទទួលខុសត្រូវតែម្តង ដែលធ្វើឲ្យកូនស្រីកាន់តែពរពោះធំឡើងៗរហូតដល់៤ខែទៅហើយ។
ទន្ទឹមនឹងករណីលោកសង្ឃលួចប្រព្រឹត្តខុសធម៌វិន័យរហូតឲ្យកូនក្រមុំគេពរពោះ៤ខែខាងលើសូមព្រះចៅអធិការវត្តក៏ដូចជាព្រះមេគុណខេត្តមេត្តាពិនិត្យសើរើរាល់ករណីដូចបានរៀបរាប់នេះផង។
ទាក់ទិននឹងការចោទប្រកាន់ខាងលើកម្ពុជាថ្មីមិនអាចសុំការទំនាក់ទំនងដើម្បីបកស្រាយឲ្យបានច្បាស់ពីសំណាក់លោកសង្ឃព្រះនាម សេង ឧត្តម បានទេនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤នេះ៕

Blogger Comment
Facebook Comment