បុគ្គលិក របស់កាល់តិច យកញត្តិទៅដាក់ ស្ថានទូតអាម៉េរិក ស្វែងរក កិច្ចអន្តរាគមន៍

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ បន្ទាប់ពីការតវ៉ា សុំដំឡើងប្រាក់ខែ ១៦០ដុល្លារ និងប្រាក់ខែ ខែទី១៣ រយៈពេល៣ថ្ងៃ ដោយមិនមានដំណោះស្រាយពីខាងក្រុមហ៊ុននោះ តំណាងបុគ្គលិក បម្រើការងារ នៅស្ថានីយប្រេងកាល់តិច ប្រមាណជា ១០នាក់ បាននាំគ្នាយកញត្តិមួយច្បាប់ទៅដាក់នៅស្ថានទូតអាម៉េរិក ចង់ឲ្យរដ្ឋាភិបាលអាម៉េរិក ចេញអន្តរាគមន៍ ពន្លឿននូវ ដំណោះស្រាយជូនពួកគេ។

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ជាថ្ងៃទី៤ នៃការតវ៉ាទាមទារប្រាក់ខែ ១៦០ដុល្លារ និងប្រាក់ខែទី១៣ រួមនឹងប្រាក់អត្ថប្រយោជន៍ជាច្រើនទៀតនោះ តំណាង បុគ្គលិកស្ថានីយប្រេងកាល់តិច របស់ក្រុមហ៊ុនឈេហ្វរ៉ុន ដែលមានមូលដ្ឋានធំនៅក្នុងប្រទេសអាម៉េរិក បានយកញត្តិទៅដាក់នៅស្ថានទូតអាម៉េរិក ឲ្យជួយជំរុញទៅកាន់ ក្រុមហ៊ុនឈេហ្វរ៉ុន ពន្លឿននូវដំណោះស្រាយជូនពួកគេ។
ញត្តិរបស់ក្រុមអ្នកតវ៉ាត្រូវបានទទួលដោយតំណាងរបស់ស្ថានទូតអាម៉េរិកហើយ តែមិនទាន់មានការឆ្លើយតប យ៉ាងណានៅឡើយនោះទេ។

តាមរយៈញត្តិ ដែលចុះហត្ថលេខាដោយលោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីព កម្មករចំណី អាហារ និងសេវា កម្មកម្ពុជា បានបញ្ជាក់ថា ពួកគេទាមទារឲ្យ ភាគី ក្រុមហ៊ុនផ្តល់ជូននូវលក្ខខណ្ឌចំនួន ២ចំណុចជូនពួកគេរួមមាន៖ ១. សូមឲ្យក្រុមហ៊ុនផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំប្រាក់ខែទី១៣ យ៉ាងហោចណាស់ឲ្យ ស្មើនឹងប្រាក់ ឈ្នួលខែចុងក្រោយ របស់កម្មករ និយោជិត ដោយអនុវត្តសម្រាប់ឆ្នាំ២០១៤, ២. ដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ និយោជិតផ្នែក អនាម័យ ផ្នែកចាក់សាំង ប្តូរប្រេង ម៉ាស៊ីចំនួន ១៦០ដុល្លារអាម៉េរិកក្នុងមួយខែ និងដំឡើងប្រាក់ឈ្នួលបន្ថែម ៥០ ដុល្លារអាម៉េរិក ដល់កម្មករ និយោជិត ផ្នែកបេឡា។ ប្រាក់ឈ្នួលនេះ ត្រូវដំឡើងចាប់ ពីខែឧសភា ឆ្នាំ២០១៤ តទៅ។

តាមរយៈលិខិតក្រុមអ្នកតវ៉ាបានរំលឹកថា សហរដ្ឋអាម៉េរិកមានការយកចិត្តទុកដាក់ខ្លាំង ចំពោះក្រុមហ៊ុនរបស់ អាម៉េរិក ដែលប្រតិបត្តិការនៅក្រៅប្រទេស ជាពិសេស ពាក់ព័ន្ធទៅនឹងការគោរពសិទ្ធិមនុស្ស និងអំពើពុករលួយ ជាដើម។ល។ តែផ្ទុយទៅវិញ ក្រុមហ៊ុនប្រេងឈេហ្វរ៉ុន ដែលជាក្រុមហ៊ុនប្រេងដ៏ធំរបស់អាម៉េរិក មិនបានផ្តល់ ប្រាក់ឈ្នួល ដែលធានានូវការរស់នៅសមរម្យឲ្យសមស្របទៅនឹងច្បាប់ស្តីពីការងារនៅក្នុងប្រទេសកម្ពុជានោះ ទេ។

ក្រុមអ្នកតវ៉ា បានស្នើឲ្យឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា លោក វីល្លាម ថូត មេត្តាជួយអន្តរាគមន៍ដល់ក្រុម ហ៊ុនឈេហ្វរ៉ុន ផ្តល់ប្រាក់ខែឲ្យបានសមរម្យ និងតាមលក្ខខណ្ឌ ដែលពួកគេបានទាមទារ។

សូមបញ្ជាក់ថា បុគ្គលិកបម្រើការឲ្យស្ថានីយប្រេងឥន្ធនៈកាល់តិចគ្រប់ផ្នែកចំនួន ១៨ទីតាំង ក្នុងចំណោម១៩ ទីតាំងស្ថិតក្នុងរាជធានីភ្នំពេញ បាននាំគ្នាផ្ទុះការតវ៉ា ទាមទារប្រាក់ខែ១៦០ដុល្លារ និងប្រាក់ខែទី១៣ រួមនិងអត្ថ ប្រយោជន៍ផ្សេងៗទៀតនោះ អស់រយៈពេល៣ថ្ងៃមកហើយ តែមិនទាន់មានដំណោះស្រាយនៅឡើយនោះទេ។ រហូតដល់ព្រឹកថ្ងៃទី១៥ ខែឧសភា ស្ថានីយប្រេងឥន្ធនៈកាល់តិច ដែលបើកដំណើរការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៦ មកនោះ ត្រូវបានបិទមិនដំណើរ បម្រើការ ជូនអតិថិជនរបស់ខ្លួននោះឡើយ ៕

Share on Google Plus
    Blogger Comment
    Facebook Comment