ភ្នំពេញៈ ទស្សនិកជន ដែលជាអ្នកស្នេហា វិស័យកីឡាក្នុងស្រុកទាំងអស់ ប្រហែលជាបាន ស្គាល់គ្រប់គ្នាហើយថាកីឡាករ វ៉ន វីវ៉ា គឺអ្នកប្រដាល់ដ៏ល្បីឈ្មោះរបស់កម្ពុជា បន្ទាប់ពីកីឡាករ អេ ភូថង ប្រកាសចូលនិវត្តន៍រួចមក ។ មិនត្រឹមតែប៉ុណ្ណោះ មកទល់នឹងបច្ចុប្បន្ននេះ រាល់ការរៀបចំឲ្យកីឡាករ វ៉ន វីវ៉ា ឡើងប្រកួតលើសង្វៀនម្ដងៗ វាជារឿងលំបាកខ្លាំងណាស់ សម្រាប់អ្នកផ្គូរផ្គង គូប្រកួតតាមបណ្ដា សង្វៀនប្រដាល់ក្នុងស្រុកនានា ក៏ព្រោះ វីវ៉ា ជាជើងខ្លាំងប្រភេទ ទម្ងន់ធ្ងន់ ដែលធ្វើឲ្យកីឡាករ ក្នុងប្រទេសកម្ពុជា គ្មាននរណាម្នាក់ហ៊ានឡើងប្រកួត ជាមួយឡើយ ពោលគឺមានតែ កីឡាករបរទេសប៉ុណ្ណោះ ទើបអាចប្រកួតបាន ។
ប៉ុន្ដែថ្មីៗនេះ អ្នកលេងក្បាច់គុនបុរាណខ្មែរ ដែលទើបផ្ដួលកីឡាករជើងខ្លាំងថៃ Lamphum Sor Kamsing ឲ្យសន្លប់ស្អាតត្រឹមទឹកទី២ កាលពីចុងសប្ដាហ៍មុន នៅលើសង្វៀនបាយ័នរោងសៀកនោះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង តារយៈការសរសេរជាសំណួរមួយឃ្លា ទាំងមិនមានភាពច្បាស់លាស់ ជាមួយអាជីពអ្នកប្រដាល់តទៅទៀត ។ សំណួរដែលកីឡាករ វ៉ន វីវ៉ា បានសរសេរ នៅលើAccount Facebook របស់ខ្លួននោះ គឺ «បងប្អូនខ្ញុំមានសំនួរមួយចង់សួរ តើចង់អោយខ្ញុំឈប់ប្រកួត ឬនៅបន្តប្រគួតទៀត?» ។
តាមរយៈសំណួរមួយឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រ និងអ្នករាប់អាន កីឡាករ វ៉ន វីវ៉ា មានភាពភ្ញាក់ផ្អើល ដោយអ្នកខ្លួន ក៏បានចោទជាសំណួរសួរទៅ វីវ៉ា វិញផងដែរ ដើម្បីចង់ដឹងពីមូលហេតុពិតប្រាកដ រីឯអ្នកខ្លះទៀត យល់ស្របទៅតាមឆន្ទៈរបស់ វីវ៉ា ព្រោះពួកគេយល់ថា ការសម្រេចរបស់អ្នកលេងមាឌធំរូបនេះ ប្រាកដជាមានមូលហេតុ ឬក៏មានជួបទុក្ខលំបាកអ្វីមួយហើយ ទើបធ្វើឲ្យគេ(វីវ៉ា) មានគំនិតចង់លាឈប់ពីសង្វៀនប្រដាល់ដូច្នេះ ។
ក្រោយពីមានការចោទសួរ ចង់ដឹងពីមូលហេតុច្រើនពីអ្នកគាំទ្រខ្លួន កីឡាករម្ចាស់ខ្សែក្រវ៉ាត់ ISKA រូបនេះ ក៏បានសរសេរពាក្យពេចន៍មួយឃ្លាទៀត ដែលគេសន្និដ្ឋានបានថា ជាមូលហេតុ នៅពីក្រោយខ្នង នៃការរៀបចំគម្រោងឈប់ឡើង ប្រកួតខាងលើនេះ ដោយបានសរសេរថា «នាក់ប្រដាល់ចង់បានតម្លៃខ្លួន តែតម្លៃខ្លួនទៀបនៅបន្តធ្វើអ្វី ខ្ញុំស្រលាញ់កម្ពុជា ហើយខ្ញុំស្រលាញ់គុណខ្មែរ ប្រដាល់សេរី» ។
ដោយយោងតាមពាក្យមួយ ឃ្លាចុងក្រោយនេះ យើងសន្និដ្ឋានលេងៗបានថា កត្ដាដែលជំរុញឲ្យ វ៉ន វីវ៉ា ដាក់ចិត្តលាឈប់ពីសង្វៀនប្រកួតនោះ មូលហេតុមកពីប្រាក់កំរ៉ៃ ដែលទទួលបានពីអាជីពជាអ្នកប្រដាល់ វាតិចតួចពេក ពោលគឺអ្នករៀបចំ ផ្ដល់តម្លៃខ្លួនឲ្យកីឡាករ មិនសមស្រប ទៅនឹងការខិតខំប្រែងប្រែងរបស់ខ្លួន ។ ម្យ៉ាងវិញទៀត គឺដោយសារការចំណាយពេលវេលា, ការប្រើប្រាស់កម្លាំង និងការប្រឈមនឹង គ្រោះថ្នាក់ផ្សេងៗមានបញ្ហាច្រើន ប៉ុន្ដែបែរជាទទួលបានចំណូលតិចទៅវិញ ដូច្នេះគ្មានអ្វីក្រៅពីធ្វើឲ្យកីឡាករបាក់ទឹកចិត្ដ និងងាកទៅចាប់អាជីពថ្មី ដើម្បីរកកំរ៉ៃមកចិញ្ចឹមជីវិតនោះទេ ។
ដោយសារកីឡាករ វ៉ន វីវ៉ា ធ្លាប់ធ្វើឲ្យទស្សនិកជ នពេញចិត្ដពេញថ្លើម ព្រមទាំងធ្លាប់ដណ្ដើមកិត្តិយស កេរ្ដិ៍ឈ្មោះជាច្រើនមកជូនប្រទេសកម្ពុជា មានអ្នកគាំទ្រមួយចំនួន បានគោរពនឹងឆន្ទៈ ដែល វីវ៉ា សម្រេចចិត្ដចាក់ចេញពីពួកគេ ដោយមូលហេតុថា កីឡាករប្រទេសជិតខាង ពេលឡើងប្រកួតម្ដងៗ បានលុយច្រើនណាស់ សម្រាប់ចិញ្ចឹមជីវិត ប៉ុន្ដែប្រដាល់ស្រុកខ្មែរ គឺវាយគ្រាន់ដូបាយស៊ីតែប៉ុណ្ណោះ ។ ប៉ុន្ដែទោះជាយ៉ាងណា អ្នកគាំទ្រទាំងនេះ ក៏មានសម្ដែងនូវអារម្មណ៍ សោកស្ដាយជាខ្លាំងផងដែរ ចំពោះការបាត់បង់កីឡាករដ៏ល្បីឈ្មោះមួយរូប ដែលតែងតែវាយបំបាក់គូប្រកួតបរទេស កាលពីពេលកន្លងទៅ ។ ចំណែកទស្សនិកមួយចំនួនទៀត បានធ្វើការរិះគន់អ្នកដឹកនាំកីឡា និងអ្នករៀបចំនៅសង្វៀននានា ដែលមិនគិតពីផលលំបាក របស់កីឡាករអ្នកប្រដាល់ ដែលត្រូវប្រឈមនឹងបញ្ហាសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃនោះ ។
យ៉ាងណាក៏ដោយ ទាក់នឹងបញ្ហាខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់ទទួលបានព័ត៌មាន ច្បាស់លាស់ពីសាមីខ្លួន គឺកីឡាករ វ៉ន វីវ៉ា នៅឡើយទេ អំពីមូលហេតុ នៃការសម្រេចចិត្ដចង់លាឈប់ពី ការប្រកួតនៅលើសង្វៀនប្រដាល់ ។ ដូច្នេះគេហទំព័រយើងខ្ញុំ រង់ចាំការបកស្រាយពីកីឡាករ វ៉ន វីវ៉ា ជានិច្ច ដើម្បីស្រាយបំភ្លឺដល់មហាជនគ្រប់ស្រទាប់វណ្ណៈ ដែលតែងតែនិយមគាំទ្រវិស័យ កីឡាប្រដាល់ស្រុកខ្មែរ ជាពិសេស គឺកីឡាករ វ៉ន វីវ៉ា តែម្ដង ៕
Blogger Comment
Facebook Comment