មហាសន្និបាត អ​.​ស​.​ប​ អនុម័ត​ថវិកា​ចំនួន​១៥,៥ លាន​ដុល្លារ​ដល់​សាលាក្តី​ផ្នែក​អន្តរជាតិ

ប្រភព KPT 
ភ្នំពេញ ​៖​ មហាសន្និបាត​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បាន​សម្រេច​អនុម័ត​លើ​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ចំនួន​១៥,៥ ​លាន​ដុល្លារ​អាមេរិក​ដល់​ភាគី​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នេះ​បើ​តាម​សេចក្តីប្រកាស​របស់​សាលាក្តី​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤។

 សេចក្តីប្រកាស​នោះ​លើកឡើងថា ថវិកា​ឧបត្ថម្ភ​ធន​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ថវិកាបម្រុង បន្ថែម​ទៅលើ​ការផ្តល់ប្រាក់​វិភាគទាន​ស្ម័គ្រចិត្ត​សម្រាប់​ភាគី អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​សម្រាប់​រយៈពេល​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០១៤​។

ថវិកាបម្រុង​នេះ​អាច​អនុញ្ញាត​ឲ្យ​អង្គការសហប្រជាជាតិ​ធ្វើ​កិច្ចសន្យាការងារ​ជាមួយ​មន្ត្រី​បុគ្គលិក​អន្តរជាតិ នៃ​តុលាការ​សម្រាប់​រយៈពេល​មួយឆ្នាំ​។ ថវិកា​ឧបត្ថម្ភ​ធន​អាច​នឹងត្រូវ​ដក​បាន​លុះត្រាតែ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ពី​ការផ្តល់​វិភាគទាន​ស្ម័គ្រចិត្ត​។

លោក បាន​គី​មូ​ន អគ្គលេខាធិការ អ​.​ស​.​ប បានស្នើ​សុំ​ទៅ​មហាសន្និបាត​អនុញ្ញាត​ឲ្យ​មាន​ថវិកា​ឧបត្ថម្ភ​ធន​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ និង​ការខ្វះ​ថវិកា​ដែល​អ​.​វ​.​ត​.​ក ធ្លាប់មាន​បទពិសោធន៍​ជួបប្រទះ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

នៅក្នុង​សំណើ​របស់ខ្លួន លោក​អគ្គលេខាធិការ​បាន​សរសេរ​ថា ថវិកា​នេះ​មាន​សារៈសំខាន់​ណាស់ ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ធានា​ថា អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុ​ជាមាន​មធ្យោបាយ​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ដើម្បី​ជំនុំ​ជម្រះក្តី​ទៅលើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយអតីត​របប​ខ្មែរក្រហម។

 មហាសន្និបាត​បាន​ស្នើ​ថា អគ្គលេខាធិការ អ​.​ស​.​ប ត្រូវ​រៀបចំ​របាយការណ៍​មួយ​ដែល​រួមមាន​ការ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​នូវ​គម្រោង​ចំណាយ​របស់​សាលាក្តី នា​ពេល​អនាគត ដែល​របាយការណ៍​នេះ​នឹងត្រូវ​ដាក់​បង្ហាញ​នៅក្នុង​មហាសន្និបាត នាពេល​ខាងមុខ ហើយ​ធានាថា សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចប់​ដោយមាន​ផែនការ​ច្បាស់លាស់។

 បើទោះបីជា​ថវិកា​ឧបត្ថម្ភ​ធន​បានធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​សម្រាប់​ភាគី​អន្តរជាតិ នៃ​សាលាក្តី​មាន​ស្ថិរភាព ប៉ុន្តែ​នៅតែមាន​ការ​ខ្វះ​សាច់ប្រាក់​សម្រាប់​ភាគី​ជាតិ​ដដែល។ លោក​ឯកអគ្គរដ្ឋទូត ដេវីត សេ​ហ្វ័​រ អ្នកជំនាញការ​ពិសេស​របស់​ឯកឧត្តម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្នែក​ជំនួយ​លើ​សាលាក្តី​ខ្មែរក្រហម បាននិងកំពុង​ធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​តំណាង រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​កៀងគរ​ជំនួយ​បន្ថែម ដើម្បី​បំពេញបន្ថែម​ថវិកា​ដែល​នៅ​ខ្វះ​សម្រាប់​ភាគី​ជាតិ៕

Share on Google Plus
    Blogger Comment
    Facebook Comment