រកស៊ីឆក់ នគរបាលចាប់ ញាត់គុក មិន រៀងចាល ចេញមកវិញ ឆក់ទៀត ត្រូវជាប់ ខ្នោះ

-ប្រជាពលរដ្ឋ រិះគន់មេប៉ុស្ដិ៍ទឹកថ្លា ថា មិនចង់មានវិធានការ ចំពោះចោរឆក់
ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ម្នាក់ ត្រូវបានកម្លាំងនគរបាលចរាចរខណ្ឌសែន សុខ ដែលប្រចាំគោលដៅស្ពានអាកាស ៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានដេញចាប់ ក្រោយពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់ ចុះពីលើ ម៉ូតូកង់បី ដើម្បីរកជិះរថយន្ដឈ្នួល ទៅខេត្ដ តាកែវ ។

កម្លាំងនគរបាលចរាចរ ខណ្ឌសែនសុខ ចាប់ចោរឆក់ម្នាក់នេះ កាលពីវេលាម៉ោង៣ និង២៥នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៤ ក្រោយពីធ្វើសកម្មភាពភ្លាមៗ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បាននិយាយថា ជនសង្ស័យរូបនេះ ឈ្មោះ ចិន ពៅ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ហើយកន្លងទៅធ្លាប់ជាប់ពន្ធនាគារ ម្ដងរួចមកហើយ ពីបទឆក់ទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋនៅតាមផ្លូវ ប៉ុន្ដែមិនរៀងចាល ពេលចេញ ពីគុកវិញ បន្ដប្រព្រឹត្ដបទល្មើសនេះទៀត ។
ដោយឡែកស្ដ្រីរងគ្រោះ ឈ្មោះង៉ែត សុខ អាយុ៤៦ឆ្នាំ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌបាននិយាយទៀតថា ខណៈដែលស្ដ្រីរងគ្រោះកំពុងចុះពីលើម៉ូតូកង់បី ដើម្បីរករថយន្ដឈ្នួលជិះទៅខេត្ដតាកែវ ស្រាប់តែលេចមុខជនសង្ស័យរូបនេះ ឆក់កាបូប ប៉ុន្ដែភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលចរាចរខណ្ឌដេញ ចាប់បានភ្លាមៗ ។ 

ប៉ុន្ដែអ្វីដែលធ្វើឱ្យហួសចិត្ដនោះ នៅពេលដែលកម្លាំងនគរបាលចរាចរចាប់បានជនសង្ស័យរូបនេះ ហើយទាក់ទងទៅនាយ នគរបាលប៉ុស្ដិ៍ទឹកថ្លា លោកប៉ែន ថុល បែរជា នាយនគរបាលប៉ុស្ដិ៍រូបនេះ ធ្វើព្រងើយ មិនព្រមមកទទួលយកជនសង្ស័យពីព្រោះ ជាម្ចាស់ទឹកដីទៅវិញ ។ ទង្វើបែបនេះ ធ្វើឱ្យ មានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួនថា នាយនគរបាលប៉ុស្ដិ៍រូូបនេះ មិនចង់អនុវត្ដតាមនីតិវិធីច្បាប់ និងមិនចង់ចាត់វិធានការ ចំពោះជនល្មើស ដែលធ្វើសកម្មភាពក្នុងទឹកដីរបស់ខ្លួន ។

ជាមួយគ្នានេះ មន្ដ្រីនគរបាលថ្នាក់អធិការរង និងនគរបាល មួយចំនួនទៀត នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ហាញថា ការធ្វើការជាមួយនាយនគរ បាលប៉ុស្ដិ៍រូបនេះ ពិតជាពិបាកណាស់ និងលោកប៉ែន ថុល មិនសូវស្ដាប់ថ្នាក់លើនោះទេ ។ ក្រោយពីពុំមាននគរបាលមូលដ្ឋានទៅយក ជនសង្ស័យនោះ អធិការនគរបាលខណ្ឌសែនសុខ លោកម៉ក់ ហុង បានបញ្ជាឱ្យកម្លាំង នគរបាលព្រហ្មទណ្ឌ ចុះទៅយកជនសង្ស័យ ដើម្បីមកសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ។


Share on Google Plus
    Blogger Comment
    Facebook Comment