បន្ទាយមានជ័យ ៖ ចោររកស៊ីពេលយប់ម្នាក់ចូលលួចទូរស័ព្ទ iphone4 ១គ្រឿងដែលម្ចាស់គេកំពុងដាក់សាកថ្មក្នុងឡានត្រូវបានម្ចាស់គេទាន់ វាយស្ទើរស្លាប់រស់ហើយចាប់បញ្ជូនទៅឲ្យប៉ូលិសដើម្បីធ្វើការសាកសួរ ។
ហេតុការណ៍ចាប់ចោរលួចទូរស័ព្ទនេះកើតឡើងនៅវេលាម៉ោង២យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅក្នុងផ្សារហ៊ុយឡេង នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ចោររូបនោះមានឈ្មោះ អាង រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរពុំពិតប្រាកដ ហើយបច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកម្ចាស់ទូរស័ព្ទដែលត្រូវចោរចូលលួចនោះមានឈ្មោះ ណាង រីដា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិឃុំស្អាង ខេត្តកណ្ដាល បច្ចុប្បន្នរស់នៅផ្សារហ៊ុយឡេងជាកម្មករសំណង់ ។
ចំណែកម្នាក់ទៀតជាសន្តិសុខផ្សារហ៊ុយឡេងដែលចាប់ចោរបាននោះមានឈ្មោះ ទូ ធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅខេត្តកណ្ដាល បុរសនេះបានមកធ្វើជាសន្តិសុខផ្សារហ៊ុយឡេង អស់រយៈពេល២ឆ្នាំកន្លងមកហើយ សព្វថ្ងៃបុរសនេះក៏រស់នៅក្នុងផ្សារហ៊ុយឡេងដែរ ។ លោក ស៊ីវ សុជាតិ បាននិយាយបន្តថា បើតាមម្ចាស់ទូរស័ព្ទឈ្មោះ ណាង ដាវី បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះ នៅម៉ោងប្រហែល១យប់កណ្ដាលអាធ្រាត្រក្រុមជាងសំណង់ធ្វើការក្នុងផ្សារហ៊ុយឡេងមានគ្នីគ្នាចំនួន៣នាក់ ពុំទាន់ចូលដេកឡើយ ហើយម្នាក់ឈ្មោះ ដាវី នោះក៏បានយកទូរស័ព្ទ iphone4 ១គ្រឿងយកទៅសាកក្នុងឡានធំរបស់ខ្លួន ។ ស្របពេលនោះមានជនដែលរកស៊ីពេលយប់ដែលគេដឹងថាជននោះជាអ្នកជក់ញៀនយ៉ាងសកម្ម ជននោះមានប្រដាប់ទៅដោយសាម៉ូរៃ និងអាវុធផ្សេងៗទៀត។
លោក ស៊ីវ សុជាតិ បាននិយាយបន្តថា ក្រុមរកស៊ីពេលយប់នោះចូលចិត្តដើរធ្វើសកម្មភាពលួចឆក់នៅតាមផ្សារហ៊ុយឡេងនេះ ជារៀងរាល់យប់ពុំដែលខានឡើយ ប៉ះស្អីយកហ្នឹង ឲ្យតែរបស់ដែលខ្លួនយកបានយកទៅលក់ដើម្បីទិញម៉ាជក់ ។ ស្របពេលនោះបុរសជនជាប់ចោទឈ្មោះ អាង រ៉ា បានឃើញទូរស័ព្ទ iphone4 ដែលគេកំពុងសាកចោលក្នុងឡាននោះ ក៏ចូលទៅយករបស់គេត្រង់ៗ ពេលនោះម្ចាស់គេឃើញក៏តាមទៅចាប់បានតែម្ដង ហើយបានយកមកដាក់ឃ្លាំងស្តុបអីវ៉ាន់គ្រឿងសំណង់ក្នុងផ្សារហ៊ុយឡេងដែលខ្លួនដេកសព្វថ្ងៃ ហើយធ្វើការវាយស្ទើរស្លាប់ស្ទើររស់ ហើយយកច្រវ៉ាក់មកចងចោរនោះទុកក្នុងឃ្លាំងទៀតផង ។ លុះព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៤នោះ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើកំណត់ហេតុដើម្បីយកអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ធ្វើការសាកសួរ ។
បើតាមការអះអាងពីមេការក្នុងឃ្លាំងនោះបាននិយាយថា បើខ្លួនមិនធ្វើការវាយតបទៅលើចោរនោះទេ ប្រាកដជាគ្រោះថ្នាក់របស់ចោរជាមិនខានឡើយ ព្រោះចោរមានអាវុធនឹងដាវសាម៉ូរ៉ៃ ចំណែកសមត្ថកិច្ចវិញ បាននិយាយថា បើទោះបីជាចោរនោះលួចអ្វីក៏ដោយមិនត្រូវវាយដំច្រំធាក់ទៅលើចោរនោះឃោរឃៅ រហូតដល់ស្ទើរស្លាប់ស្ទើររស់នៅឡើយ នេះជាច្បាប់របស់ស្រុកខ្មែរ ។ ចំណែកជនពាក់ព័ន្ធដែលវាយចោរស្ទើរស្លាប់ស្ទើររស់នោះត្រូវបញ្ជូនទៅស្នងការដើម្បីធ្វើការសាកសួរ ៕
Blogger Comment
Facebook Comment