ប្រភព៖ CEN
ភ្នំពេញ: អាជ្ញាធរសាលារាជធានីភ្នំពេញ បានប្រកាសពីការស្វែងរកដៃគូ ក្រុមហ៊ុនឯកជនថ្មីមួយ គឺក្រុមហ៊ុនជប៉ុន បន្ថែមលើក្រុមហ៊ុន ស៊ីនទ្រី ដើម្បីប្រមូលសំរាម នៅរាជធានីភ្នំពេញ។ មូលហេតុ មកពីរៀងរាល់ថ្ងៃ សំរាមមានច្រើននៅភ្នំពេញ ហើយក្រុមហ៊ុនស៊ីនទ្រី មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រមូលសំរាម។
សេចក្តីប្រកាសសាលារាជធានីភ្នំពេញ បានឲ្យដឹងថា គណៈប្រតិភូក្រុមហ៊ុន koua Corporatoin របស់ជប៉ុន ដឹកនាំដោយលោក Yusuke Okum ura ប្រធានក្រុមហ៊ុន koua Corporatoin ត្រូវបានអនុញ្ញាត ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីបញ្ហាប្រឈមការទុកដាក់សំរាម ក្នុងរាជធានីភ្នំពេញ ជាមួយលោក អៀង អូននី អភិបាលរង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ។
លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា សាលារាជធានីភ្នំពេញ បាន និងកំពុងតែជំរុញឲ្យក្រុមហ៊ុនស៊ីនទ្រី ដែលជាក្រុមហ៊ុនទទួលសិទ្ធិ ក្នុងការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ត្រូវតែបង្កើនសមត្ថភាពការងារ ប្រមូលសំរាមបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះ ក្រុមហ៊ុន ស៊ីនទ្រី នៅមិនទាន់បានអនុវត្ត ការងាររបស់ខ្លួន ឲ្យបានពេញលេញនៅឡើយ។
សេចក្តីប្រកាស បន្តថា សាលារាជធានីភ្នំពេញ បន្តស្វែងរកដៃគូរ ជាមួយក្រុមហ៊ុនឯកជន ដែលមាបំណង និងមានជំនាញ ក្នុងការគ្រប់គ្រងសំរាមពិសេស គឺធ្វើយ៉ាង ណា កុំឲ្យមានសំរាម ចាក់គរនៅទីលានចាក់សំរាម ពោលគឺត្រូវធ្វើការកែច្នៃ ឲ្យអស់ពីលទ្ធភាព មុននឹងយកសំរាម ទៅចាក់នៅទីលាន។
លោកអភិបាលរង បានបន្តថា បច្ចុប្បន្ន សំរាមនៅរាជធានីភ្នំពេញ ត្រូវបានប្រមូលចេញ ក្នុងមួយថ្ងៃ មានប្រមាណ ១.៦០០ តោន។ ប៉ុន្តែការប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ហាក់បីដូចជា មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រមូល និងទុកដាក់ ឲ្យបានទាន់ពេលវេលាទាល់តែសោះ ដោយអាងថា ខ្លួនជាអ្នកមានសិទ្ធិផ្ដាច់មុខ ពីអាជ្ញាធរតែម្នាក់ឯង។ ជុំវិញបញ្ហាសំរាមនេះ សាលារាជធានី ចង់ឲ្យក្រុមហ៊ុនទាំងពីរសហការគ្នា ក្នុងការប្រមូល និងគ្រប់គ្រងសំរាម ឲ្យបានល្អក្នុងរាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ ក៏បានប្រកាសថា ដោយឡែក សម្រាប់ទីលានចាក់សំរាម នៅខណ្ឌដង្កោ នឹងពេញ នៅក្នុងឆ្នាំ២០១៥ ខាងមុខនេះ ហើយសាលារាជធានីភ្នំពេញ នឹងធ្វើការជីករណ្តៅថ្មីមួយទៀត សម្រាប់ប្រតិបត្តិការបន្តទៀត ហេតុនេះ ទើបសាលារាជធានី ចង់រកដៃគូរឲ្យបានល្អមួយ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងសំរាម ឲ្យកាន់តែល្អប្រសើរ។
លោក Yusuke Okum ura ប្រធានក្រុមហ៊ុន koua Corporatoin បានបញ្ជាក់ថា ក្រុមហ៊ុន koua Corporatoin ជប៉ុន មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការប្រមូលសំរាម នៅប្រទេសជប៉ុន ទទួលបានជោគជ័យ។ ក្រុមហ៊ុននេះ បានមកបំពេញការងារ នៅកម្ពុជា តាំងពីឆ្នាំ២០០៣ ដោយចាប់ដៃគូរជាមួយ អង្គការ JICA ប្រចាំនៅកម្ពុជា ហើយអង្គការនេះ មានមូលនិធិ និងដៃគូជាច្រើន នៅក្នុងស្រុក ពិសេសនៅរាជធានីភ្នំពេញ។
លោកបានបន្តថា ក្រុមហ៊ុនរបស់លោក មានគោលបំណង ចង់ស្វែងយល់ឲ្យបានស៊ីជម្រៅ លើការគ្រប់គ្រង ការញែក ការដឹកជញ្ជូនសំរាម ដើម្បីរកដំណោះស្រាយ ក្នុងការគ្រប់គ្រង ការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ឲ្យបានកាន់តែល្អប្រសើរឡើង៕V/s
Blogger Comment
Facebook Comment